កូរ៉េខាងជើងប្រឆាំងនឹងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសខ្លួន

0

បរទេស៖ កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងជើងបានរិះគន់ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រៅផ្លូវការមួយ ស្តីពីបញ្ហារំលោភសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ដោយបានហៅវាថា ជាគម្រោងដើម្បីទម្លាក់របបរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងជើងបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់អំពីបញ្ហាសិទ្ធិមនុស្សដ៏កាចសាហាវរបស់សហរដ្ឋអាមេរិកថា ជាការបង្ហាញដ៏ខ្លាំងបំផុតនៃគោលនយោបាយអរិភាពរបស់ខ្លួនចំពោះទីក្រុងព្យុងយ៉ាង។

សេចក្តីថ្លែងការណ៍នោះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយរបស់សមាជិក UNSC ស្តីពីការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េថា កូរ៉េខាងជើងសូមប្រកាសយ៉ាងម៉ឺងម៉ាត់ម្តងទៀតថា ខ្លួននឹងចាត់វិធានការតឹងតែងបំផុតប្រឆាំងនឹងផែនការអរិភាពដ៏សាហាវបំផុតរបស់សហរដ្ឋអាមេរិក។

ក្រសួងនេះបាននិយាយបន្ថែមថា «វាជាពេលស្របទៅនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមីនា ដោយសហរដ្ឋអាមេរិករួមជាមួយអ្នកដើរតាមកំពុងរៀបចំផែនការដើម្បីបង្ខំឱ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រៅផ្លូវការមួយ ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង»។

ប្រទេសកូរ៉េខាងជើងត្រូវបានចោទប្រកាន់ជាយូរមកហើយពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រាប់ចាប់ពីការឃុំឃាំងអ្នកទោសនយោបាយនៅក្នុងជំរុំប្រមូលផ្តុំរហូតដល់ការធ្វើទារុណកម្ម និងការប្រហារជីវិតជាសាធារណៈជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន