បរទេស៖ មន្ត្រីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា ប្រជាជនចំនួន ១,៥លាននាក់នៅក្នុងប្រទេសតួកគីបានរងផលប៉ះពាល់ដោយគ្មានផ្ទះសម្បែងដោយសារគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ ហើយផ្ទះចំនួន ៥០០.០០០ខ្នងនឹងត្រូវសាងសង់ឡើងវិញ។
លោកស្រី លូអ៊ីសា វីនតុន (Louisa Vinton) តំណាងប្រជាជននៃប្រទេសតួកគីរបស់អង្គការ UNDP បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញមួយថា រដ្ឋាភិបាលរបស់ប្រទេសនេះបានត្រួតពិនិត្យទៅលើអគារប្រមាណ ៧០% នៃអគារទាំងអស់ដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដី។
ក្នុងនោះមានផ្ទះចំនួន ៤១២.០០០ខ្នងនៅក្នុងអគារចំនួន ១១៨.០០០ បានដួលរលំ ឬត្រូវរុះរើចោលទាំងស្រុង។ លោកស្រីបាននិយាយថា បរិមាណកម្ទេចកម្ទីដែលត្រូវបោសសម្អាតមានចំនួនច្រើនលើសលប់ ហើយអង្គការ UNDP កំពុងស្វែងរកការកាត់បន្ថយនៃការគំរាមកំហែងពីកាកសំណល់នៃគ្រោះមហន្តរាយនោះ ។
លោកស្រី ខេតធឺរីន ស្មលវូដ (Catherine Smallwood) មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ការគ្រប់គ្រងហានិភ័យនៃជំងឺឆ្លងនាពេលនេះគឺមានសារៈសំខាន់ណាស់ ដោយសារមនុស្សផ្លាស់ទីលំនៅជាច្រើនរស់នៅក្នុងតំបន់ជិតគ្នា ជួនកាលមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់មិនបានល្អ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងខេត្តការ៉ាម៉ាន់ម៉ារ៉ាស់នៅភាគខាងត្បូងនៃប្រទេសតួកគី ត្រូវបានរងគ្រោះដោយសារការរញ្ជួយជាបន្តបន្ទាប់ចាប់ពីកម្រិត ៦,៤រ៉ិចទ័រដល់ ៧,៧រ៉ិចទ័រ។ការរញ្ជួយដីក៏បានវាយប្រហារផ្នែកខ្លះនៃប្រទេសស៊ីរីផងដែរ។ សរុបមក មនុស្សប្រមាណ ៤៧.០០០នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន