ប្រទេសចិន និងរុស្ស៊ីបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី

0

បរទេស៖ ប្រទេសចិន និងរុស្ស៊ីបានព្រមព្រៀងគ្នាដើម្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកែលម្អអភិបាលកិច្ចពិភពលោក។​

ការឯកភាពគ្នានេះត្រូវបានសម្រេចនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងមូស្គូរវាងលោក វ៉ាង យី (Wang Yi) ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក នីកូឡៃ ប៉ាទ្រូស្សេវ (Nikolai Patrushev) លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។​

លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC ផងនោះ បានជួបពិភាក្សាជាមួយលោក ប៉ាទ្រូស្សេវ អំពីយន្តការនៃការប្រឹក្សាសន្តិសុខជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពយុទ្ធសាស្ត្រអន្តរជាតិនាពេលបច្ចុប្បន្ន ហើយបានបង្ហាញអំពីឆន្ទៈរួមគ្នាអនុវត្តលទ្ធិពហុភាគីនិយមពិត ប្រឆាំងគ្រប់ទម្រង់នៃការគំរាមកំហែងដោយឯកតោភាគី ព្រមទាំងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងទំនាក់ទំនងអន្តរជាតិ និងពិភពលោកពហុប៉ូល។

​ភាគីទាំងពីរជឿជាក់ថា សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែត្រូវបានរក្សាយ៉ាងរឹងមាំ ហើយបាននិយាយថា ការដាក់បញ្ចូលចិត្តគំនិតនៃសង្រ្គាមត្រជាក់ ការប្រឈមមុខដាក់គ្នា និងជម្លោះមនោគមវិជ្ជា គួរតែត្រូវបានប្រឆាំង។​ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរទៅលើបញ្ហាអ៊ុយក្រែន៕

ប្រភព៖ ក្រសួងព័ត៌មាន