បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយថា ប្រទេសចិនមានបំណងធ្វើការងារជាមួយប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខរបស់ប្រធានាធិបតីអ៊ីរ៉ង់ ដែលជាឱកាសមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍកាន់តែខ្លាំងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអ៊ីរ៉ង់។
តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ។ នេះបើយោងតាមក្រសួងការបរទេសចិន។
លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី រ៉ៃស៊ី ទៅកាន់ប្រទេសចិន ដោយប្រធានាធិបតីទាំងពីរនឹងជួបពិភាក្សាគ្នាក្នុងការរៀបចំផែនការរួមគ្នា និងដឹកនាំការអភិវឌ្ឍអនាគតនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិជាការព្រួយបារម្ភរួមគ្នានៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។
លោក វ៉ាង បាននិយាយថា នាយករដ្ឋមន្ត្រីចិន លោក លី កឺឈាំង (Li Keqiang) និងលោក លី ហ្សានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិនឹងជួបជាមួយលោកប្រធានាធិបតី រ៉ៃស៊ី នៅក្នុងកិច្ចប្រជុំដាក់ដោយឡែកពីគ្នា។
លោកបាននិយាយបន្ថែមថា «ប្រទេសចិន និងអ៊ីរ៉ង់រីករាយនឹងចំណងមិត្តភាពជាប្រពៃណីហើយវាជាជម្រើសយុទ្ធសាស្ត្ររបស់ភាគីទាំងពីរក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអ៊ីរ៉ង់»។
ក្រោមការដឹកនាំរបស់ប្រធានាធិបតីទាំងពីរ បានធ្វើឱ្យទំនាក់ទំនងចិន-អ៊ីរ៉ង់រក្សាបាននូវសន្ទុះនៃការអភិវឌ្ឍយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគីទាំងពីរបានបង្រួបបង្រួមការជឿទុកចិត្តគ្នាខាងនយោបាយយ៉ាងខ្ជាប់ខ្ជួន កិច្ចសហប្រតិបត្តិការជាក់ស្តែងជឿនលឿនឥតឈប់ឈរលើវិស័យផ្សេងៗ ការរក្សាទំនាក់ទំនង និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការអន្តរជាតិ និងតំបន់ ព្រមទាំងការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍ។ នេះបើយោងតាមអ្នកនាំពាក្យរូបនេះបាននិយាយ។
លោក វ៉ាង បាននិយាយថា «ប្រទេសចិនមានបំណងធ្វើការងារជាមួយភាគីអ៊ីរ៉ង់ដើម្បីប្រើប្រាស់ដំណើរទស្សនកិច្ចនេះជាឱកាសមួយដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែទូលំទូលាយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អ៊ីរ៉ង់ និងដើរតួនាទីស្ថាបនាក្នុងការពង្រឹងការឯកភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសនានានៅមជ្ឈិមបូព៌ា និងលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
ប្រភព៖ ក្រសួងព័ត៌មាន