បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សាកំពុងដំណើរការស្តីពីការផ្គត់ផ្គង់យន្តហោះដល់ទីក្រុងគៀវ ប៉ុន្តែអង្គការណាតូបច្ចុប្បន្នកំពុងផ្តោតទៅលើការផ្តល់ដល់ប្រទេសនោះនូវរថក្រោះ រថក្រោះប្រយុទ្ធថ្មើរជើង និងគ្រាប់រំសេវ។
លោកបានចង្អុលបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអង្គការណាតូថា «មានកិច្ចសន្ទនាឥតឈប់ឈរ និងដំណើរការពិគ្រោះយោបល់នៅក្នុងសម្ព័ន្ធអំពីប្រភេទប្រព័ន្ធសព្វាវុធដែលយើងគួរផ្តល់ឱ្យ។ ហើយដូចដែលអ្នកបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយហើយថា ឥឡូវនេះមានកិច្ចពិភាក្សាកំពុងបន្តទាក់ទងនឹងការបញ្ជូនយន្តហោះផងដែរ»។
លោក ស្តូលធែនបឺក បាននិយាយបន្ថែមថា «ទាក់ទងនឹងទស្សនៈអ្វីក៏ដោយ បើទោះជាអាចទាក់ទងនឹងការបញ្ជូនយន្តហោះក៏ដោយ គឺយើងត្រូវការពេលវេលា។ អ្វីដែលត្រូវធ្វើនៅពេលនេះ គឺការគាំទ្រជាបន្ទាន់សម្រាប់អ៊ុយក្រែន។ ដូច្នេះអាទិភាពកំពូលរបស់ខ្ញុំ គឺត្រូវធានាចំពោះការសន្យាដែលសម្ព័ន្ធមិត្តបានធ្វើសម្រាប់រថក្រោះប្រយុទ្ធថ្មើរជើង រថពាសដែក និងសម្រាប់រថក្រោះប្រយុទ្ធ»៕
ប្រភព៖ ក្រសួងព័ត៌មាន