ម៉ាឡេស៊ី នឹងជំរុញរបៀបវារៈបៃតង តាមរយៈការប្រើប្រាស់ឧបករណ៍នីតិប្បញ្ញត្តិ និងតម្លាភាព

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ប្រទេសម៉ាឡេស៊ី លោក នីក ណាហ្សមី នីក អាហ៍ម៉ាដ បាននិយាយនៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីបើកសម្ពោធកាលពីថ្ងៃទី៧ ខែកុម្ភៈ នៃពិព័រណ៍ផលិតផល Greentech & Eco អន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី (IGEM 2023) ថា ប្រទេសម៉ាឡេស៊ីនឹងជំរុញរបៀបវារៈបៃតងរបស់ខ្លួនតាមរយៈការប្រើប្រាស់ឧបករណ៍នីតិប្បញ្ញត្តិ និងតម្លាភាពកាន់តែខ្លាំងជាងមុន។

លោករដ្ឋមន្ត្រីបាននិយាយថា ថវិកាដែលបានកែសម្រួលសម្រាប់ឆ្នាំ២០២៣ នឹងផ្តោតជាពិសេសទៅលើសេដ្ឋកិច្ចបៃតង។

លោកបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមសំខាន់ៗរបស់ក្រសួងនេះនឹងផ្តោតសំខាន់ទៅលើការអនុម័តច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីធានាឱ្យមានតម្លាភាពក្នុងការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាននាពេលអនាគត និងឈានមុខគេក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោកក៏បានគូសបញ្ជាក់ផងដែរអំពីតម្រូវការក្នុងការប្រកាន់យកនូវវិធីសាស្រ្តអភិបាលកិច្ចគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងរបស់ប្រទេសនេះទៅលើបញ្ហាបរិស្ថាន ទឹក ថាមពល ការប្រែប្រួលអាកាសធាតុ និងធនធានធម្មជាតិក្នុងវិធីសម្របសម្រួល និងផ្តោតការយកចិត្តទុកដាក់។

ប្រធានបទស្តីពី «ការប្រលងប្រជែងឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យសុទ្ធ៖ ភាពជាអ្នកដឹកនាំសម្រាប់សកម្មភាពអាកាសធាតុ» IGEM 2023 គ្រោងនឹងប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា៕

ប្រភព៖ ក្រសួងព័ត៌មាន