បរទេស៖ ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំ២០២២ មក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយជំរុញយ៉ាងខ្លាំងនូវការរួមបញ្ចូលនៃតម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់ ការពង្រឹងទំនុកចិត្តលើការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតកម្លាំងជំរុញថ្មីសម្រាប់កំណើនពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ និងពិភពលោក។ នេះបើយោងតាមអត្ថបទមួយនៅលើគេហទំព័រ Zhongguopinglun របស់ទីក្រុងហុងកុង (ប្រទេសចិន)។
អត្ថបទនេះបានដកស្រង់សម្តីលោក អូរ៉ាម៉ុន ស៊ុបថាវីថាំ អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃដែលបាននិយាយថា តម្លៃនៃការនាំចេញសរុបរវាងប្រទេសថៃ និងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP មានចំនួនជាង ៥០% នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ។
លោក ស៊ុបថាវីថាំ បាននិយាយថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសថៃ និងប្រទេសជាសមាជិកដទៃទៀតរបស់កិច្ចព្រមព្រៀង RCEP នេះ។ សម្រាប់ប្រទេសវៀតណាម ការនាំចេញអាហារសមុទ្ររបស់វៀតណាមក៏បានកើនឡើងផងដែរដោយសារកិច្ចព្រមព្រៀង RCEP។
ប្រទេសវៀតណាមបាននាំចេញអាហារសមុទ្រទៅកាន់ទីផ្សារជាង១៦០ នៅជុំវិញពិភពលោក ដែលក្នុងនោះការនាំចេញទៅកាន់បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP មានចំនួនជាង ៦៣%។ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញអាហារសមុទ្ររបស់ប្រទេសវៀតណាមបានកើនឡើង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២១។
យោងតាមស្ថិតិពីរដ្ឋបាលទូទៅរបស់គយចិន (GACC) បានឱ្យដឹងថា ការនាំចូល និងនាំចេញសរុបរវាងប្រទេសចិន និងដៃគូនៃកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០២២ បានឈានដល់ជាង ១២,៩៥ទ្រីលានយន់ (១,៩ទ្រីលានដុល្លារអាម៉េរិក) ដោយបានកើនឡើង ៧,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៣០,៨% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។
អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) លោកស្រី រីបេកកា ហ្រ្គីនស្ពែន បាននិយាយថា ក្នុងបរិបទនៃការថយចុះនៃភាពបើកចំហជាសកល ការកើនឡើងថ្លៃដើមពាណិជ្ជកម្ម និងការរាំងស្ទះនៃខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចព្រមព្រៀង RCEP បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចពិភពលោក។
កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម រួមជាមួយនឹងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ហើយបានចូលជាធរមាននៅក្នុងប្រទេសជាសមាជិកចំនួន១៤ រួចហើយ៕
ប្រភព៖ ក្រសួងព័ត៌មាន