បរទេស៖ កាលពីពេលថ្មីៗនេះ កងទ័ពជើងទឹកថៃបានដំឡើងម៉ាស៊ីនចម្រោះ PM2.5 ចំនួន ១៣កន្លែងនៅជុំវិញរាជធានីបាងកក ដើម្បីបន្ថយកម្រិតនៃធូលីនៅក្នុងអាកាសឱ្យមកកម្រិតសុវត្ថិភាព។ PM2.5 គឺជាភាគល្អិតក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតិចជាង ២,៥មីក្រូម៉ែត្រ ដែលអាចបង្កហានិភ័យដល់សុខភាព ជាពិសេសចំពោះកុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។
កម្រិតសុវត្ថិភាពរបស់ប្រទេសថៃសម្រាប់ PM2.5 គឺមានចំនួន ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ (μg/m3)។ កងទ័ពជើងទឹកបាននិយាយថា ម៉ាស៊ីនចម្រោះដែលត្រូវបានបង្កើតឡើងនៅនាយកដ្ឋានកំពង់ផែកងទ័ពជើងទឹករបស់ខ្លួន គឺផ្អែកទៅលើគំរូដែលត្រូវបានបង្កើតឡើងដោយមូលនិធិរ៉ាចាប្រាចានុករូហ៍ ហើយត្រូវបានដាក់នៅក្នុងតំបន់ចំនួន១៣ នៃទីក្រុងបាងកកដែលបានរាយការណ៍ពីការបំពុលខ្យល់កម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
កងទ័ពជើងទឹកបាននិយាយថា ម៉ាស៊ីនចម្រោះនីមួយៗអាចច្រោះខ្យល់បានប្រាំម៉ែត្រគូបក្នុងមួយវិនាទី។ លទ្ធផលមន្ទីរពិសោធន៍បានបង្ហាញថា ម៉ាស៊ីនចម្រោះនីមួយៗអាចបញ្ចុះកម្រិត PM2.5 នៅក្នុងតំបន់បានចំនួន ១៤៤ម៉ែត្រគូបឱ្យមកនៅក្រោមកម្រិត ៥០ μg/m3 ក្នុងរយៈពេល ៣០នាទី។
កងទ័ពជើងទឹកបាននិយាយថា ពួកគេក៏អាចត្រងមេរោគ បាក់តេរី និងវីរុសភាគច្រើនដែលរួមទាំងវីរុសជំងឺកូវីដ១៩ ក៏ដូចជាអ៊ីដ្រូកាបូនក្រអូបនៅក្នុងតំបន់ក្បែរនោះក្នុងរយៈពេល ៣០នាទីផងដែរ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ រដ្ឋបាលទីក្រុងបាងកកបានរាយការណ៍ថា កម្រិត PM2.5 ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានចាប់ពី ២៨ ទៅ ៥៨ μg/m3 ហើយគុណភាពខ្យល់ទាំងមូល គឺ «ល្អ» ។ ទីក្រុងបាងកកភាគខាងកើត រួមទាំងសង្កាត់ណងចក សង្កាត់ឡាតក្រាបាង និងសង្កាត់បឹងគុម បានរាយការណ៍ពីកម្រិតខ្ពស់បំផុតនៃ PM2.5 ដែលមានពី ៤៩ ទៅ ៥៩ μg/m3៕
ប្រភព៖ ក្រសួងព័ត៌មាន