ភ្នំពេញ ៖ ករណីឃាតកម្ម (កាប់កបណ្តាលឲ្យស្លាប់) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៧៖៣០នាទី ត្រង់ចំណុចឃ្លាំងទុកចោល ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបំបែកបានហើយ ដោយឈានដល់ការចាប់ខ្លួនជនដៃដល់ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កម្លាំងប្រតិបត្តិការដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ជនដៃដល់ដែលកម្លាំងជំនាញ ចាប់ខ្លួនបានឈ្មោះ ពេជ្រ ជីវ័ន្ត និងប្រពន្ធឈ្មោះ ដា យ៉ា រួមជាមួយវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1O-2656 ត្រង់ចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពកាប់កជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ដោយសារជនសង្ស័យបានប្រច័ណ្ឌប្រពន្ធជាមួយជនរងគ្រោះ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលជាម្ចាស់ករណីដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ