ជំនួយយោធា ទៅកាន់អ៊ុយក្រែនកាន់តែច្រើន ធ្វើអោយប្រតិបត្តិការយោធាពិសេសកាន់តែត្រូវបានពង្រីក

0

បរទេស៖ លោក កូនស្ទែនទីន ហ្កាវរីឡូវ ប្រមុខគណៈប្រតិភូរុស្ស៊ីចូលរួមកិច្ចចរចានៅទីក្រុងវីយែន ស្តីពីសន្តិសុខយោធា និងការគ្រប់គ្រងអាវុធ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយដែលអ៊ុយក្រែនទទួលបានកាន់តែច្រើនពីលោកខាងលិច នឹងធ្វើឱ្យប្រតិបត្តិការពិសេសកាន់តែខ្លាំងឡើង។

បេសកជនរូបនេះបាននិយាយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 ថា «ជំនួយដែលផ្តល់ដល់អ៊ុយក្រែនកាន់តែច្រើន នឹងធ្វើឱ្យប្រតិបត្តិការយោធាពិសេសកាន់តែត្រូវបានពង្រីក»។

កាលពីថ្ងៃទី៦ ខែមករា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសកញ្ចប់ជំនួយយោធាមួយផ្សេងទៀតដល់ទីក្រុងគៀវដែលមានតម្លៃជាង ៣ប៊ីលានដុល្លារអាម៉េរិក ដែលរួមមានរថយន្តប្រយុទ្ធរបស់កងទ័ពថ្មើរជើងប្រភេទ Bradley និងម៉ាស៊ីនបាញ់កាំភ្លើងស្វ័យប្រវត្តិ។ កាលពីថ្ងៃពុធ អាជ្ញាធរសហរដ្ឋអាមេរិកបានប្រកាសពីគម្រោងផ្តល់រថក្រោះប្រភេទ M1 Abrams ចំនួន ៣១គ្រឿងដល់ទីក្រុងគៀវ។ រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនរថក្រោះប្រភេទ Leopard 2 ចំនួន ១៤គ្រឿងដល់អ៊ុយក្រែន ហើយក៏នឹងផ្តល់ការអនុញ្ញាតឱ្យនាំចេញឡើងវិញទៅប្រទេសផ្សេងៗទៀតផងដែរ។ ក្រសួងការពារជាតិនៃប្រទេសន័រវេស និងស្លូវ៉ាគី ក៏បានប្រកាសផងដែរអំពីចេតនារបស់ពួកគេក្នុងការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន។ នៅពេលមុននេះ អាជ្ញាធរអង់គ្លេស បារាំង និងប៉ូឡូញបានសម្រេចប្រគល់រថក្រោះទៅឱ្យទីក្រុងគៀវ៕

ប្រភព៖ ក្រសួងព័ត៌មាន