អាស៊ានដាក់ឱ្យប្រើប្រាស់ក្របខ័ណ្ឌអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ក្រោយជំងឺកូវីដ១៩

0

បរទេស៖ ក្របខណ្ឌអាស៊ានស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ១៩ ត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ ដើម្បីណែនាំការងារទៅលើរបៀបវារៈនៃការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពរបស់អាស៊ាន។

ទេសចរណ៍ប្រកបដោយចីរភាពត្រូវបានចាត់ទុកថាជាកត្តាសំខាន់ដែលកំពុងលេចធ្លោសម្រាប់លទ្ធភាពរបស់គោលដៅទេសចរណ៍ក្នុងការរក្សា ឬកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំ និងម៉ាកយីហោប្រកួតប្រជែង ដែលសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងដែលមានស្រាប់ជាមួយសហគមន៍មូលដ្ឋាន អ្នកទេសចរ និងអ្នកពាក់ព័ន្ធដទៃទៀត។

ដូចដែលបានបញ្ជាក់នៅក្នុងសសរស្តម្ភ AEC ឆ្នាំ២០២៥ ចក្ខុវិស័យសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺធ្វើឱ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលផ្តល់នូវបទពិសោធន៍អាស៊ានដែលមានលក្ខណៈពិសេស និងមានភាពចម្រុះ ហើយប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

ជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅសម្រេចចក្ខុវិស័យនេះ បណ្តារដ្ឋមន្ត្រីទេសចរណ៍របស់អាស៊ានបានអនុម័តក្របខ័ណ្ឌអាស៊ាន ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ១៩ ដោយមានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA)៕

ប្រភព៖ ក្រសួងព័ត៌មាន