បរទេស៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានចេញផ្សាយទិន្នន័យទេសចរណ៍របស់ខ្លួនសម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី ២៤ ខែមករា ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេសពីចំនួនត្រឹមតែ ៤២៨ ០០០នាក់កាលពីមួយឆ្នាំមុន ដល់ចំនួន ១១,១៥លាននាក់។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលថៃគ្រោងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានត្រឹមតែចំនួន ១០លាននាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២២។
នៅក្នុងខែធ្នូ ឆ្នាំ២០២២ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២,២៤លាននាក់ ខណៈដែលតួលេខសម្រាប់រយៈពេលដូចគ្នានេះកាលពីក្នុងឆ្នាំ២០២១ មានចំនួនត្រឹមតែ ២៣០ ៤៩៧នាក់ប៉ុណ្ណោះ។
នៅក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង ប្រទេសថៃបានឃើញកម្រិតខ្ពស់បំផុតនៃការទៅដល់របស់ភ្ញៀវទេសចរបរទេសដែលមានចំនួន ៤០លាននាក់។
ទិន្នន័យរបស់ក្រសួងក៏បានបង្ហាញផងដែរថា ប្រទេសម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរី គឺជាប្រភពទីផ្សារកំពូលទាំងបីរបស់ប្រទេសថៃកាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ២០២៣ ប្រទេសថៃរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចំនួន ២៥លាននាក់ ដោយក្នុងនោះរួមមានយ៉ាងហោចណាស់ ៥លាននាក់មកពីប្រទេសចិន ដែលជាប្រភពទីផ្សារដ៏ធំបំផុតរបស់ប្រទេសថៃមុនពេលមានជំងឺរាតត្បាតកូវីដ១៩។
ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងជំរុញបន្ថែមទៀតនូវវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ដែលមានប្រហែល ១២% នៃផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មុនពេលមានជំងឺរាតត្បាតកូវីដ១៩។
កាលពីថ្ងៃទី២៤ ខែមករា រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួន ៣,៩៥ប៊ីលានបាត (១២០,៧២លានដុល្លារអាម៉េរិក) ដើម្បីជំរុញការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍អន្តរជាតិនៅក្នុងទីក្រុងបន្ទាប់បន្សំ៕
ប្រភព៖ ក្រសួងព័ត៌មាន