នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានគម្រោងទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី

0

បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសឥណ្ឌូណេស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក ចូកូ វីដូដូ បានបំពេញគោលបំណងរបស់ខ្លួន។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនោះកាលពីថ្ងៃទី៩ ខែមករា លោក អាន់វ៉ា បាននិយាយថា បញ្ហាជាច្រើនត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់លោកជាមួយលោក វីដូដូ ក៏ដូចជាការពិភាក្សារួមគ្នាដែលធ្វើឡើងជាមួយរដ្ឋមន្ត្រីឥណ្ឌូណេស៊ីមួយចំនួន។

នៅក្នុងនោះ រួមមានបញ្ហាពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី ការអភិវឌ្ឍរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី បញ្ហាបោះបង្គោលព្រំដែនដែលអូសបន្លាយអស់រយៈពេល ៦០ឆ្នាំ និងបញ្ហាកម្លាំងពលកម្មរបស់ប្រជាជនឥណ្ឌូណេស៊ីនៅក្នុងប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចប្រជុំមួយជាមួយពាណិជ្ជករ លោកនាយករដ្ឋមន្ត្រីបានធានាដល់អ្នកវិនិយោគអំពីការផ្លាស់ប្តូរដែលកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងភាពងាយស្រួលនៃការធ្វើអាជីវកម្ម និងល្បឿននៃការអនុម័តការវិនិយោគយ៉ាងឆាប់រហ័សផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក អាន់វ៉ា និងលោក វីដូដូ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៩ និងការប្រគល់លិខិតចំណាប់អារម្មណ៍ចំនួន១១ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ាឡេស៊ីចំនួន១០ ដែលគ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍរដ្ឋធានីនូសាន់តារ៉ា៕

ប្រភព៖ ក្រសួងព័ត៌មាន