មេដឹកនាំរុស្ស៊ី និងកាហ្សាក់ស្ថាន ពិភាក្សាតាមទូរស័ព្ទអំពីទំនាក់ទំនងប្រទេសទាំង ២

0

បរទេស៖ ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានរាយការណ៍កាលពីថ្ងៃអង្គារ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីកាហ្សាក់ស្ថាន លោក កាស៊ីម ចូម៉ាត តូកាយ៉េវ បានពិភាក្សាគ្នាតាមទូរស័ព្ទក្នុងកម្រិតខ្ពស់នៃទំនាក់ទំនងរវាងរុស្ស៊ី-កាហ្សាក់ស្ថាន និងបានអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល។

ការិយាល័យសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា «ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទនោះ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក កាស៊ីម ចូម៉ាត តូកាយ៉េវ បានអបអរសាទរគ្នាទៅវិញទៅមកសម្រាប់ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ដោយបានកត់សម្គាល់ក្នុងកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងសម្ព័ន្ធមិត្តរវាងរុស្ស៊ី-កាហ្សាក់ស្ថាន»។

ការិយាល័យសារព័ត៌មាននោះបាននិយាយថា មេដឹកនាំកាហ្សាក់ស្ថានបានថ្លែងអំណរគុណចំពោះលោក ពូទីន សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល CIS ក្រៅផ្លូវការនៅទីក្រុង St. Petersburg កាលពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២២។

ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានរាយការណ៍ថា លោកប្រធានាធិបតី ពូទីន និងសមភាគីកាហ្សាក់ស្ថានរបស់លោកក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហានៃអន្តរកម្មថាមពលទ្វេភាគីក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរបស់ពួកគេនោះ។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហានៃអន្តរកម្មជាក់ស្តែងនៅក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងវិស័យប្រេងឥន្ធនៈ និងថាមពលផងដែរ។

ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានរាយការណ៍ថា ចំពោះបញ្ហានេះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសម្របសម្រួលក្នុងចំណោមរដ្ឋាភិបាល និងទីភ្នាក់ងារឯកទេសរបស់ប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន