បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្តេជ្ញាកាលពីថ្ងៃអង្គារថានឹងពង្រឹងសមត្ថភាពឃ្លាំមើល និងឈ្លបយកការណ៍របស់យោធា ដោយលោកបាននិយាយថា ការជ្រៀតចូលដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅក្នុងសប្តាហ៍នេះរបស់កូរ៉េខាងជើងបានបង្ហាញពីរបៀបនៃការខ្វះខាតយ៉ាងខ្លាំងសម្រាប់ការត្រៀមខ្លួន និងសមយុទ្ធយោធារបស់កូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ជាក់ស្តែង លោកកំពុងរិះគន់រដ្ឋបាលមុនរបស់លោក មូន ចេអ៊ីន ខណៈដែលលោកបានអះអាងថា មិនមានសមយុទ្ធប្រឆាំងនឹងដ្រូនបែបនេះទេចាប់តាំងពីឆ្នាំ២០១៧ មក ដែលជាឆ្នាំលោក មូន ចូលកាន់តំណែង និងជាលើកចុងក្រោយដែលដ្រូនរបស់កូរ៉េខាងជើងចូលទៅកាន់កូរ៉េខាងត្បូង។
លោក យូន បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយទទួលយកនូវគោលនយោបាយទំនាក់ទំនងរបស់រដ្ឋបាលលោក មូន ជាមួយទីក្រុងព្យុងយ៉ាងថា «ខ្ញុំជឿជាក់ថា ប្រជាជនបានឃើញយ៉ាងច្បាស់អំពីគ្រោះថ្នាក់នៃគោលនយោបាយកូរ៉េខាងជើងដែលពឹងផ្អែកទៅលើចេតនាល្អ និងកិច្ចព្រមព្រៀងយោធារបស់កូរ៉េខាងជើង»។
លោកបាននិយាយបន្ថែមថា «យើងបានគ្រោងបង្កើតអង្គភាពដ្រូនដើម្បីអនុវត្តប្រតិបត្តិការឃ្លាំមើល និងឈ្លបយកការណ៍លើទីតាំងយោធាសំខាន់ៗរបស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែបន្ទាប់ពីមានឧបទ្ទវហេតុកាលពីម្សិលមិញមក យើងនឹងបង្កើនល្បឿននៃការបង្កើតអង្គភាពដ្រូននេះឱ្យបានឆាប់តាមដែលអាចធ្វើបាន»៕
ប្រភព៖ ក្រសួងព័ត៌មាន