បរទេស៖ នៅថ្ងៃទី២៦ ខែធ្នូ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយថា រថភ្លើងធុនស្រាលហ្សាការតាធំជាងគេ (Jabodebek LRT) នឹងដំណើរការចាប់ពីពាក់កណ្តាលឆ្នាំក្រោយទៅ។
បន្ទាប់ពីការសាកល្បងរួច លោកប្រធានាធិបតីបាននិយាយថា រថភ្លើង Jabodebek LRT អាចត្រូវបានបញ្ចប់ និងដំណើរការពេញលេញនៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៣ ដោយស្របពេលជាមួយនឹងការសម្ពោធគម្រោងរថភ្លើងល្បឿនលឿនហ្សាការតា-បាន់ឌុង ដែលត្រូវបានពន្យារពេលនៅពេលនេះ។ រថភ្លើង Jabodebek LRT អាចផ្ទុកអ្នកដំណើរបាន ៤២០នាក់ក្នុងមួយជើង។
លោក វីដូដូ បានសម្តែងនូវមោទនភាពរបស់លោកដែលក្រុមហ៊ុនផលិតរថភ្លើង និងផ្លូវដែកគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី PT INKA (Persero) អាចកសាងរថភ្លើង LRT និងប្រព័ន្ធប្រតិបត្តិការគ្មានអ្នកបើកបរដ៏ទំនើប។
លោកបាននិយាយបន្ថែមថា គម្រោងរថភ្លើង Jabodebex LRT សម្រេចបាន ៨៧% ហើយ។ ផ្នែកដែលត្រូវបញ្ចប់គឺជាបញ្ហាតូចៗមួយចំនួនទាក់ទងនឹងការធ្វើសមកាលកម្មប្រព័ន្ធ។
កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ លោក វីដូដូ បានសាកល្បងប្រព័ន្ធរថភ្លើង LRT ពីស្ថានីយ៍ហារចាមុកទី នៅទីក្រុងដេប៉ុក ទៅកាន់ស្ថានីយ៍តាម៉ាន់មីនីឥណ្ឌូណេស៊ីអ៊ីនដាហ៍ ក្នុងតំបន់ហ្សាការតាខាងកើត ហើយចំណាយពេលត្រឹមតែ ១២នាទីដើម្បីធ្វើដំណើរក្នុងចម្ងាយ ៩គីឡូម៉ែត្រ៕
ប្រភព៖ ក្រសួងព័ត៌មាន