ប្រទេសចិន និង អារ៉ាប៊ីសាអូឌីត សម្លឹងឃើញលទ្ធផលនៃការសហការគ្នាជាបន្តបន្ទាប់

0

បរទេស៖ ខណៈដែលប្រទេសចិន និងអារ៉ាប៊ីសាអូឌីតបានរួមសហការគ្នាក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងចក្ខុវិស័យអារ៉ាប៊ីសាអូឌីតឆ្នាំ២០៣០ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងវិស័យថាមពល បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានធ្វើឱ្យកាន់តែស៊ីជម្រៅបន្តិចម្តងៗ និងសម្រេចបានលទ្ធផលជាបន្តបន្ទាប់។

ក្រុមហ៊ុនចម្រាញ់ប្រេង Yanbu Aramco Sinopec នៅទីក្រុងយ៉ាន់ប៊ូដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco និងក្រុមហ៊ុនចម្រាញ់ប្រេងធំបំផុតរបស់ចិន Sinopec ។

គ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ ៥,២លានម៉ែត្រក្រឡា រោងចក្រចម្រាញ់នេះ មានទុនវិនិយោគសរុបជាង ៨ប៊ីលានដុល្លារអាម៉េរិក។ វាជាគម្រោងវិនិយោគចិនដ៏ធំបំផុតនៅអារ៉ាប៊ីសាអូឌីត។ រោងចក្រចម្រាញ់ប្រេងនេះរក្សាបាននូវប្រតិបត្តិការល្អចាប់តាំងពីវាត្រូវបានដាក់ឱ្យប្រើប្រាស់មក។

ជាមួយនឹងសមត្ថភាពចម្រាញ់ប្រេងបាន ៤០០ ០០០បារ៉ែលក្នុងមួយថ្ងៃ ដោយផលិតផលរបស់វាត្រូវបានលក់ទៅតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ ប្រាក់​ចំណេញ​របស់​ខ្លួន​នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំ​នេះ​បាន​បង្កើត​កំណត់ត្រា​ខ្ពស់​ចាប់​តាំង​ពី​ប្រតិបត្តិការ​របស់​ខ្លួនមក។ ប្រទេសចិន និងអារ៉ាប៊ីសាអូឌីត បានប្រើប្រាស់កម្លាំងរៀងៗខ្លួន និងសហការគ្នាបានយ៉ាងល្អនៅក្នុងគម្រោងនេះ។

ក្រុមហ៊ុនចម្រាញ់ប្រេង Yanbu Aramco Sinopec បានទទួលពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់ក្នុងការសាងសង់ ប្រតិបត្តិការ និងការគ្រប់គ្រង។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច រោងចក្រចម្រាញ់ប្រេងនេះក៏ជាវេទិកាដ៏ល្អមួយសម្រាប់ការអភិវឌ្ឍអាជីពរបស់បុគ្គលិកវ័យក្មេងក្នុងស្រុកផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន