បរទេស៖ កាលពីថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយនៅក្នុងសារជូនពរមួយដល់អ្នកចូលរួមក្នុងពិធីពិព័រណ៍ឧស្សាហកម្មអន្តរជាតិលើកទី៤ រុស្ស៊ី-វៀតណាម ឆ្នាំ២០២២ ថា ទីក្រុងមូស្គូ និងទីក្រុងហាណូយ បានប្ដេជ្ញាចិត្តអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់ភាគីទាំងពីរ។
លោក ឡាវរ៉ូវ បានចង្អុលបង្ហាញថា «កាលពីឆ្នាំមុន គឺជាខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាម ដែលឈរលើមូលដ្ឋាននៃទំនៀមទំលាប់មិត្តភាព ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក»។
យោងតាមរូបលោកបានឱ្យដឹងថា ប្រទេសទាំងពីរយកចិត្តទុកដាក់ជាពិសេសក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី។
អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា «ក្នុងន័យនេះ ការប្រមូលផ្តុំអាជីវកម្មរបស់វៀតណាម គឺជាការបន្ថែមដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង»។
ពិព័រណ៌ឧស្សាហកម្មអន្តរជាតិលើកទី៤ រុស្ស៊ី-វៀតណាម ឆ្នាំ២០២២ បានបើកដំណើរការនៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃពុធ។ ក្រុមហ៊ុនធុរកិច្ចប្រហែល ៣៨០ រួមទាំងសហគ្រាសប្រហែល ៦០ មកពីតំបន់ចំនួន៧ របស់ប្រទេសរុស្ស៊ីកំពុងចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ៕
ប្រភព៖ ក្រសួងព័ត៌មាន