ប្រធានាធិបតីបេឡារុស្ស គ្រោងជួបជាមួយលោក ពូទីន

0

បរទេស៖ លោកប្រធានាធិបតីបេឡារុស្ស លោក អេឡិចសាន់ដឺរ លូកាសិនកូ បាននិយាយដោយផ្ទាល់កាលពីថ្ងៃចន្ទថា លោកគ្រោងនឹងជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នាពេលខាងមុខនេះ។

យោងតាមសារព័ត៌មាន BelTA បានឱ្យដឹងថា លោក លូកាសិនកូ បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយអភិបាលតំបន់ព្រីម៉ូស្គី លោក អូលេក កូហ្សេមីយ៉ាកូ របស់ប្រទេសរុស្ស៊ីថា «ខ្ញុំនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីក្នុងពេលឆាប់ៗនេះ។ យើងនឹងពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន។ ប្រសិនបើយើងសម្រេចបាននូវការលុបបំបាត់ចោលបញ្ហាតូចតាចមួយចំនួន យើងនឹងអាចធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែង។ នេះជារឿងដ៏សំខាន់សម្រាប់យើងនៅពេលនេះ»។

លោក លូកាសិនកូ បានចង្អុលបង្ហាញថា ប្រទេសទាំងពីរត្រូវការពេលវេលាបន្តិចដើម្បីសម្រេចបាននូវគោលដៅ។ យោងតាមរូបលោកបានឱ្យដឹងថា បញ្ហាសេដ្ឋកិច្ចបច្ចុប្បន្នអាចនឹងត្រូវបានបញ្ចប់។ ប្រធានាធិបតីបេឡារុស្សរូបនេះបានកត់សម្គាល់ថា «យើងកំពុងធ្វើការដើម្បីយកឈ្នះទៅលើបញ្ហាទាំងនោះ។ យើងនឹងពិភាក្សាគ្នាអំពីរឿងទាំងនេះ»។ លោកបានសង្កត់ធ្ងន់ថា វាទាក់ទងនឹងកិច្ចសហប្រតិបត្តិការទាំងជាមួយតំបន់ព្រីម៉ូស្គី និងជាមួយរុស្ស៊ី។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសបេឡារុស្ស និងតំបន់ព្រីម៉ូស្គីរបស់រុស្ស៊ីមានការកើនឡើងជាលំដាប់ក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពីតម្លៃ ១៧,៣លានដុល្លារអាម៉េរិកដល់តម្លៃ ៣២,៧លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២១ ហើយបានកើនឡើងជិត ៨០% ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលឈានដល់តម្លៃប្រមាណ ៤០លានដុល្លារអាម៉េរិក៕

ប្រភព៖ ក្រសួងព័ត៌មាន