បរទេស៖ ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា បានបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឯកឧត្តមនាយករដ្ឋមន្ត្រី ដែលចេញផ្សាយកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីក្រុងអូតាវ៉ា។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ឯកឧត្តម នាយករដ្ឋមន្ត្រីកាណាដា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមនឹងចូលរួមដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកលជាមួយសមភាគីក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល។
បន្ថែមពីលើនេះ ឯកឧត្តម នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានប្តេជ្ញាចូលរួមលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ពង្រឹងពាណិជ្ជកម្មដោយផ្អែកលើច្បាប់ និងជំរុញកំណើនសេដ្ឋកិច្ចដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា និងបន្តទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនកាណាដា និងប្រជាជនអាស៊ាន៕
ប្រភព៖ ក្រសួងព័ត៌មាន