បរទេស៖ សាក្សីជាស្ត្រីវ័យក្មេងជនបរទេសម្នាក់ឈ្មោះ Janelle Story ដែលបានមើលឃើញហេតុការមនុស្សដួលជាន់លើគ្នាក្នុងពិធីបុណ្យ Halloween ដែលបានកើតឡើងនៅក្នុងសង្កាត់កម្សាន្តរាត្រី Itaewon នៃទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្សជាង150នាក់ បានរៀបរាប់ប្រាប់សារព័ត៌មាន Sky News របស់ចក្រភពអង់គ្លេសថាការជួបជុំដ៏ធំនៅតំបន់ Itaewon មិនមែនជារឿងចម្លែកទេសម្រាប់កម្មវិធីរៀងរាល់ថ្ងៃសៅរ៍ ប៉ុន្តែការប្រមូលផ្តុំចំនួនមនុស្សដ៏ច្រើនលើសលប់គឺជាបញ្ហាមួយ។ នាងបានរៀបរាប់បន្តថានៅពេលនោះមានក្រុមមនុស្សជាច្រើនបានដើរតោងស្មាបន្តគ្នាពីមុខទៅក្រោយ ពីក្រោយទៅមុខ” ហើយនាងនិងមិត្តភក្តិប្រុសរបស់នាងដែលអង្គុយលេងលើបារផ្នែកខាងលើដោយមិត្តប្រុសរបស់នាងបាននិយាយថាគេឃើញហ្វូងមនុស្សទាំងនោះបានបំបុកមកពីផ្លូវធំមួយហើយហៀរមករកកន្លែងដែលនាងកំពុងអង្គុយ។ ពេលនោះនាងបានលាន់មាត់ថា «ប្រហែលជាពួកគេកំពុងរត់ពីភាពភ័យខ្លាចអ្វីមួយ ឬ ដើម្បីគេចពីអ្វីដែលពួកគេបានឃើញ។
បន្តមកពួកគេក៏បានគឿងជាប់គាំងត្របាញ់ចូលគ្នាតែម្តង ដោយមានអ្នកខ្លះបានរុញច្រានហ្វូងមនុស្សមកជាបន្តបន្ទាប់។ នាងបាននិយាយថាភ្លាមៗមិត្តរបស់នាងក៏បានឃើញមន្រ្តីប៉ូលីសនិងសមត្ថកិច្ចបានបានមកដល់ភ្លាមៗដែរ និងបានព្យាយាមគ្រប់គ្រងហ្វូងមនុស្សដែលកកកុញទាំងនោះយ៉ាងរហ័សដូចគ្នា ប៉ុន្តែដោយសារហ្វូងមនុស្សទាំងនោះបានជាន់គ្នាជាប់ទៅហើយ ទើបពិបាកក្នុងការទាញចេញនិងសង្រ្គោះ។ សូមបញ្ជាក់ថាមនុស្សប្រហែលជាង១០ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតំបន់ Itaewon សម្រាប់ពិធីបុណ្យ Halloween ក្នុងប្រទេសជាលើកដំបូងចាប់តាំងពីមានជំងឺរាតត្បាតមក ស្របពេលរដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្ធូរបន្ថយវិធានការរឹតបន្តឹងវីរុស COVID-19 ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
មិនតែប៉ុណ្ណោះសាក្សីបាននិយាយថាតាមដងផ្លូវមានមនុស្សកកកុញយ៉ាងក្រាស់និងមានការកកស្ទះរថយន្តដែលបានបើកយឺតៗ ដែលធ្វើឱ្យបុគ្គលិកសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះមិនអាចទៅដល់កន្លែងកើតហេតុបានឡើយ។ រហូតមកដល់ពេលនេះកន្លែងកើតហេតុត្រូវបិទខ្ទប់ ដើម្បីទុកពេលឲ្យមន្រ្តីធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ហើយមានពលរដ្ឋខ្លះក៏បានមកគោរពវិញ្ញាណក្ខ៍ន្ធអ្នកស្លាប់ទាំងនោះផងដែរ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា