បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរីន ឡាក់សាណាវីស៊ីត បានបង្ហាញពីទំនុកចិត្តរបស់លោកថា ការនាំចេញរបស់ប្រទេសថៃអាចនឹងកើនឡើងដល់ទៅ ៨% នៅក្នុងឆ្នាំនេះ បន្ទាប់ពីកំណើនដ៏រឹងមាំក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ។
កត្តាគាំទ្រសំខាន់ៗសម្រាប់កំណើននៃការនាំចេញរបស់ប្រទេសថៃ រួមមានការបន្តសកម្មភាពសេដ្ឋកិច្ចសកលលោកបន្ទាប់ពីការដកចេញនូវវិធានការរឹតត្បិតដោយសារជំងឺកូវីដ១៩ដែលបណ្តាលឱ្យមានតម្រូវការកើនឡើង ជាពិសេសសម្រាប់វិស័យម្ហូបអាហារ និងទំនិញឧស្សាហកម្ម ត្បូង និងគ្រឿងអលង្ការ សម្លៀកបំពាក់ និងវាយនភណ្ឌ ឧបករណ៍ធ្វើដំណើរ និងគ្រឿងសំអាង។
លោក ជូរីន បាននិយាយថា ការធ្លាក់ចុះនៃប្រាក់បាតថៃបានធ្វើឱ្យការនាំចេញកសិដ្ឋានរបស់ថៃ ជាពិសេសអង្ករមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារពិភពលោក ប៉ុន្តែនៅតែមានហានិភ័យនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដៃគូពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្មថៃមានគោលបំណងរៀបចំព្រឹត្តិការណ៍ចំនួន ៥៣០ ដើម្បីជួយសម្រួលដល់ការនាំចេញនៅក្នុងឆ្នាំនេះ រួមទាំងព្រឹត្តិការណ៍ចំនួន ៣៤៥ ដែលគ្រោងធ្វើសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២២ នេះ។
ការនាំចេញរបស់ប្រទេសថៃបានកើនឡើង ៧,៨% ដែលឈានដល់តម្លៃ ២៤,៩ប៊ីលានដុល្លារអាម៉េរិកកាលពីក្នុងខែកញ្ញា បន្ទាប់ពីការកើនឡើង ៧,៥% ពីមួយឆ្នាំទៅមួយឆ្នាំកាលពីក្នុងខែសីហា និងការកើនឡើង ៤,៣% កាលពីក្នុងខែកក្កដា។
ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសនេះបានពង្រីកដល់ ១០,៦% ដែលឈានដល់តម្លៃ ២២១ប៊ីលានដុល្លារអាម៉េរិក ខណៈដែលការនាំចូលកើនឡើង ២០,៧% ដែលឈានដល់តម្លៃ ២៣៦ប៊ីលានដុល្លារអាម៉េរិក ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ១៥ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ ក្រសួងព័ត៌មាន