សិង្ហបុរីចាប់ផ្តើមដំឡើងប្រព័ន្ធផ្ទុកថាមពលដែលមានកម្លាំង ២០០មេហ្គាវ៉ាត់

0

បរទេស៖ ក្រុមហ៊ុន SembCorp របស់ប្រទេសសិង្ហបុរីបានឈានចូលដល់ដំណាក់កាលចុងក្រោយនៃការដំឡើងប្រព័ន្ធផ្ទុកថាមពលដែលមានកម្លាំង ២០០មេហ្គាវ៉ាត់ (ESS) នៅលើកោះជូរ៉ុង ដែលត្រូវបានគេរំពឹងថានឹងដំណើរការនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

គម្រោងនេះ គឺជាការដាក់ពង្រាយ ESS ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសិង្ហបុរី ដើម្បីបង្កើនភាពជឿជាក់នៃបណ្តាញអគ្គិសនី ហើយថែមទាំងបង្កើនការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសនេះផងដែរ។ នេះបើយោងតាមរដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី លោក តាន់ ស៊ីឡេង បាននិយាយនៅក្នុងវេទិកាថ្នាក់ខ្ពស់នៃប្រទេសសិង្ហបុរី-IRENA លើកទីពីរ ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរីកាលពីថ្ងៃទី២៦ ខែតុលា។

ESS កំពុងត្រូវបានគេដំឡើងនៅពីរកន្លែងនៅលើកោះជូរ៉ុង ដែលមានផ្ទៃដីទំហំ ២ហិចតា។ នៅពេលដែលដំណើរការនៅខែក្រោយនេះ វានឹងក្លាយជាការដាក់ពង្រាយ ESS ដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមអាជ្ញាធរទីផ្សារថាមពលរបស់សិង្ហបុរី (EMA) បានឱ្យដឹងថា ESS មានមុខងារជាអាគុយខ្នាតធំដើម្បីផ្ទុកថាមពល និងចែកចាយវានៅពេលដែលត្រូវការដើម្បីរក្សាភាពជឿជាក់នៃបណ្តាញអគ្គិសនី។ ជាមួយនឹងធម្មជាតិនៃការឆ្លើយតបរហ័ស ESS អាចគ្រប់គ្រងយ៉ាងសកម្មនូវភាពមិនស៊ីសង្វាក់គ្នាក្នុងការផ្គត់ផ្គង់ និងតម្រូវការអគ្គិសនី ព្រមទាំងអនុវត្តសេវាកម្មបទប្បញ្ញត្តិដើម្បីដោះស្រាយការប្រែប្រួលនៅក្នុងបណ្តាញអគ្គិសនី៕

ប្រភព៖ ក្រសួងព័ត៌មាន