បរទេស៖ កាលពីថ្ងៃអង្គារ ក្រសួងការបរទេសកោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងជួយ ហៃទីដើម្បីទិញអាវក្រោះការពារគ្រាប់កាំភ្លើង និងឧបករណ៍ការពារខ្លួនផ្សេងទៀតពីក្រុមហ៊ុនតៃវ៉ាន់ ខណៈដែលសន្តិសុខនៅក្នុងប្រទេសដែលស្ថិតនៅតំបន់ Caribbean មួយនេះកាន់តែអាក្រក់ទៅ ។
ហៃទីកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរដោយសារតែការបិទផ្លូវ ដោយក្រុមអន្ធពាលចម្រុះដែលទាមទារឲ្យនាយករដ្ឋមន្ត្រីលោក Ariel Henry ចុះចេញពីតំណែង ហើយក៏បណ្តាលឲ្យសកម្មភាពសេដ្ឋកិច្ចត្រូវបាន ផ្អាក និងមន្ទីរពេទ្យជាច្រើនត្រូវបានបង្ខំបិទផងដែរ។
ហៃទីគឺជា ប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ តែប៉ុណ្ណោះ ដែលរក្សាទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់។ ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា រដ្ឋាភិបាលខ្លួនកំពុងជួយរដ្ឋាភិបាលហៃទីដើម្បីទិញឧបករណ៍ការពារខ្លួន ដូចជាអាវក្រោះការពារគ្រាប់កាំភ្លើងពីក្រុមហ៊ុនតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Joanne Ou បាននិយាយថា ជំនួយនេះគឺ “ដើម្បីពង្រឹងសមត្ថភាពរបស់នគរបាលហៃទីក្នុងការអនុវត្តភារកិច្ច និងឆ្លើយតបទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងប្រទេសដែលមានគោលគំនិតដូចគ្នា ដើម្បីបង្កើនសន្តិសុខសាធារណៈនៅក្នុងប្រទេសហៃទី”៕
ប្រភព៖ ក្រសួងព័ត៌មាន