លោក រីស៊ី ស៊ូណាក់ បានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសជាផ្លូវការ

0

បរទេស៖ លោក រីស៊ី ស៊ូណាក់ បានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសជាផ្លូវការបន្ទាប់ពីស្តេចឆាលស៍ទីបី បានស្នើសុំឱ្យលោកបង្កើតរដ្ឋាភិបាលថ្មីមួយក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃអង្គាររបស់ពួកគេ។

នៅរសៀលថ្ងៃនោះ លោក ស៊ូណាក់ បានទៅដល់វិមានដោននីងស្រ្ទីត ដែលជាលំនៅដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ជាកន្លែងដែលលោកបានថ្លែងសុន្ទរកថាដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី។ លោកបាននិយាយបន្តថា លោកចាត់វិធានការយ៉ាងឱឡារិក ខណៈដែលប្រទេសនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង។ ទាក់ទងនឹងលោកស្រី លីហ្ស ទ្រូសស៍ លោកបាននិយាយថា លោកស្រីបានអបអរសាទរចំពោះការផ្លាស់ប្តូរនេះ ប៉ុន្តែមានកំហុសមួយចំនួន។ លោក រីស៊ី ស៊ូណាក់ បាននិយាយបន្ថែមថា លោកនឹងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយនឹងមិនទុកឱ្យមនុស្សជំនាន់ក្រោយត្រូវរស់នៅជាមួយនឹងបំណុលដើម្បីដោះស្រាយនោះទេ ដោយលោកបាននិយាយបន្ថែមថា លោកនឹងធ្វើការបង្រួបបង្រួមប្រទេស។

លោក ស៊ូណាក់ បានក្លាយជាគូប្រជែងតែម្នាក់គត់ក្នុងការប្រកួតប្រជែងអ្នកដឹកនាំកាលពីថ្ងៃចន្ទ បន្ទាប់ពីគូប្រជែងរបស់លោក គឺលោក ផេននី ម៉ូរដូនត៍ និងលោក បូរីស ចនសុន បានដកខ្លួនចេញទាំងពីរនាក់។

នាយករដ្ឋមន្ត្រីទីបីរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលមួយឆ្នាំរូបនេះ ត្រូវបានប្រកាសភ្លាមៗដោយលោក សៀរ ហ្រ្កាហាំ ប្រាឌី ដែលជាប្រធានគណៈកម្មាធិការ Tories ឆ្នាំ១៩២២។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាសាធារណៈកាលពីថ្ងៃច័ន្ទ លោក ស៊ូណាក់ បានសន្យាថា «នឹងនាំគណបក្សរបស់យើង និងប្រទេសរបស់យើងរួបរួមគ្នា ពីព្រោះនោះគឺជាវិធីតែមួយគត់ដែលយើងនឹងយកឈ្នះទៅលើបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះ»។

កាលពីព្រឹកថ្ងៃអង្គារ ស្តេចឆាលស៍ទីបី បានទទួលយកការលាលែងពីតំណែងរបស់លោកស្រី លីហ្ស ទ្រូសស៍ ដោយលោកស្រីបានកាន់តំណែងជានាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសក្នុងរយៈពេលត្រឹមតែ ៤៤ថ្ងៃ។

កាលពីថ្ងៃទី២៤ ខែតុលា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេសដែលមានអាយុ ៤២ឆ្នាំ លោក ស៊ូណាក់ បានក្លាយជាប្រធានគណបក្សអភិរក្សដែលកំពុងកាន់អំណាច ហើយបានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបន្ទាប់ដែលក្មេងជាងគេបំផុតរបស់ប្រទេសនេះចាប់តាំងពីឆ្នាំ១៨១២ មក និងជានាយករដ្ឋមន្ត្រីដំបូងគេដែលមានដើមកំណើតឥណ្ឌា៕

ប្រភព៖ ក្រសួងព័ត៌មាន