បរទេស៖ កាលពីថ្ងៃអង្គារ កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ទ្វេភាគីកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ស្តីពីការវាយលុករបស់កូរ៉េខាងជើង ចំពេលដែលមានការរំពឹងទុកថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀតក្នុងពេលឆាប់ៗនេះ។
លោក ចូ យុនដុង អនុរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងសេអ៊ូលបានជួបជាមួយសមភាគីសហរដ្ឋអាមេរិក លោកស្រី វិនឌី សឺរមែន នៅស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការគំរាមកំហែងដែលកំពុងវិវត្តន៍របស់កូរ៉េខាងជើង ដែលគូសបញ្ជាក់ដោយការបាញ់គ្រាប់មីស៊ីលផ្លោងជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក ចូ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលចាប់ផ្តើមច្ចប្រជុំនោះថា «ប្រទេសទាំងពីរនឹងពង្រឹងការរារាំងរបស់យើងប្រឆាំងនឹងកូរ៉េខាងជើងជាមួយនឹងសមត្ថភាពដ៏លើសលប់ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរួមរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។
លោកក៏បានរំលឹកឡើងវិញនូវការព្រមានថា កូរ៉េខាងជើងនឹងប្រឈមមុខនឹងការឆ្លើយតបដ៏លើសលប់ នៅពេលដែលខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោកស្រី សឺរមែន បានចាត់ទុកការបង្កហេតុជាបន្តបន្ទាប់របស់កូរ៉េខាងជើងថា ជាភាពគ្មានការទទួលខុសត្រូវយ៉ាងខ្លាំង ដែលមានគ្រោះថ្នាក់ និងអស្ថិរភាព។
លោកស្រីបាននិយាយថា «យើងនឹងប្រើប្រាស់សមត្ថភាពការពារជាតិពេញលេញរបស់សហរដ្ឋអាមេរិកដើម្បីការពារសម្ព័ន្ធមិត្តរបស់យើង រួមទាំងសមត្ថភាពការពារនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល»។
សម័យប្រជុំនៅក្នុងសប្តាហ៍នេះ កើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា របបលោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង អាចនឹងធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀតក្នុងពេលឆាប់ៗនេះ និងអនុវត្តសកម្មភាពបង្កហេតុបន្ថែមទៀត។
មន្ត្រីក្នុងទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានកំណត់សម្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មក៕
ប្រភព៖ ក្រសួងព័ត៌មាន