មនុស្ស ៩នាក់​បានស្លាប់ ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក

0

បរទេស៖ កាលពី​ថ្ងៃអាទិត្យ​ មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា​ មានការ​ប្រើ​រថយន្ត​បំផ្ទុះ​គ្រាប់បែក​ និង​ការ​បាញ់ប្រហារ​លើ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ Kismayu​ ប្រទេស​សូ​ម៉ា​លី​ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​ ០៩​នាក់​ មុន​ពេល​កងកម្លាំង​សន្តិសុខ​បញ្ចប់​ការ​វាយប្រហារ​នៅ​សណ្ឋាគារ​ និង​បាន​សម្លាប់​ក្រុម​អ្នក​វាយប្រហារ​ ។​

​ការ​បាញ់កាំភ្លើង​បាន​កើតឡើង​បន្ទាប់​ពី​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​គ្រឿង​បាន​បើក​បុក​ចូល​ទៅ​ក្នុង​ច្រក​ទ្វារ​សណ្ឋាគារ​ Tawakal​ នៃ​ទីក្រុង​ជាប់​កំពង់​ផែ​។​ ក្រុម​សកម្មប្រយុទ្ធ​ al​ Shabaab​ ដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​អាល់​កៃ​ដា​បាន​និយាយ​ថា​ ខ្លួន​បាន​ធ្វើការ​វាយប្រហារ​នេះ​។​

​លោក​ Yussuf​ Hussein​ Dhumal​ រដ្ឋមន្ត្រី​សន្តិសុខ​ប្រចាំ​តំបន់​ Jubbaland​ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​ “​នៅ​ក្នុង​ការ​បំផ្ទុះ​នេះ​ សិស្ស​ និង​ជន​ស៊ី​វិល​ចំនួន​ ០៩​នាក់​ ត្រូវ​បាន​សម្លាប់​ និង​ចំនួន​ ៤៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ដែល​មួយ​ចំនួន​បាន​រង​របួស​ធ្ងន់ធ្ងរ​”​។​

​លោក​ Dhumal​ បាន​និយាយ​ថា​ “​សណ្ឋាគារ​ដែល​បាន​បំផ្ទុះ​នោះ​ស្ថិត​នៅ​ក្បែរ​សាលារៀន​ ដែល​បណ្តាល​ឲ្យ​សិស្ស​ជា​ច្រើន​នាក់​បាន​រង​របួស​”​ ហើយ​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​ក្រុម​អ្នក​វាយប្រហារ​ចំនួន​ ០៣​នាក់​ ហើយ​អ្នក​វាយប្រហារ​ទី​០៤​ បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ