ចាប់តាំងពីមានសង្រ្គាមនៅអ៊ុយក្រែន! ចិនបានជម្លៀសប្រជាជនខ្លួនជាង ៥២០០នាក់

0

បរទេស៖ រដ្ឋាភិបាលចិនបានជម្លៀសពលរដ្ឋចិនជាង ៥ ២០០នាក់ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីមានភាពតានតឹងមានការកើនឡើង។

អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu បាននិយាយដូចនេះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅសមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិន (CPC) នៅទីក្រុងប៉េកាំង។

លោកបាននិយាយថា «បន្ទាប់ពីការកើនឡើងនៃភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន អ្នកការទូតរបស់យើងដែលបានធ្វើសកម្មភាពស្របតាមសេចក្តីសម្រេច និងការណែនាំរបស់គណៈកម្មាធិការកណ្តាល CPC ដោយបានជម្លៀសជនរួមជាតិរបស់យើងជាង ៥ ២០០នាក់ភ្លាមៗ ហើយពួកគេមានសុខភាពល្អ និងមិនមានការឈឺចាប់អ្វីឡើយ»។

សមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិនបានចាប់ផ្តើមធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃទី១៦ ខែតុលា។ វានឹងបន្តសមាសភាពនៃគណៈកម្មាធិការកណ្តាល CPC និងគណៈកម្មការកណ្តាល CPC សម្រាប់ការត្រួតពិនិត្យវិន័យ។ វិសោធនកម្មត្រូវធ្វើឡើងចំពោះធម្មនុញ្ញគណបក្ស។ វានឹងបញ្ចប់នៅថ្ងៃទី២២ ខែតុលា បន្ទាប់មកនឹងមានកិច្ចប្រជុំពេញអង្គដំបូងនៃគណៈកម្មាធិការកណ្តាលថ្មីដែលនឹងធ្វើការជ្រើសរើសអគ្គលេខាធិការ និងបន្តការិយាល័យនយោបាយ និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន