បរទេស៖ លំហូរនៃសព្វាវុធរបស់អង្គការណាតូទៅកាន់អ៊ុយក្រែន និងការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ នឹងនាំឱ្យសម្ព័ន្ធភាពមួយនេះកាន់តែខិតទៅជិតនឹងបន្ទាត់គ្រោះថ្នាក់មួយនៃការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់ជាមួយរុស្ស៊ី។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា «បណ្តាប្រទេសនៃអង្គការណាតូហាក់ដូចជាកំពុងប្រកួតប្រជែងគ្នាក្នុងការផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់របបទីក្រុងគៀវ ដោយផ្តល់ការស៊ើបការណ៍សម្ងាត់ បណ្តុះបណ្តាលបុគ្គលិក និងចេញសេចក្តីណែនាំអំពីរបៀបធ្វើប្រតិបត្តិការប្រយុទ្ធ ដែលនាំឱ្យអង្គការណាតូកាន់តែខិតជិតដល់ខ្សែបន្ទាត់គ្រោះថ្នាក់មួយនៃការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់ជាមួយរុស្ស៊ី»។
លោកស្រី ហ្សាខារ៉ូវ៉ា បានទាក់ទាញការយកចិត្តទុកដាក់ចំពោះការពិតដែលថា ការគាំទ្រផ្នែកយោធារបស់លោកខាងលិចសម្រាប់ប្រទេសអ៊ុយក្រែន ដោយយោងតាមទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថាការគាំទ្រនោះបានឈានដល់តម្លៃ ៤២,៣ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះមាន ២៨,៣ប៊ីលានដុល្លារអាម៉េរិកត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា «អ្នក (បណ្តាប្រទេសរបស់អង្គការណាតូ) មិនមែនគ្រាន់តែជាអ្នកសមគំនិតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តដោយរបបទីក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែអ្នកគឺជាអ្នកដែលអ្នកបានលើកឡើងជាទៀងទាត់នៅក្នុងសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍របស់អ្នក។ អ្នក គឺជាអ្នកឧបត្ថម្ភសកម្មភាពភេរវកម្មដែលកំពុងកើតឡើងក្រោមការឧបត្ថម្ភរបស់របបទីក្រុងគៀវ និងដោយមានការចូលរួមដោយផ្ទាល់ពីអង្គការណាតូ ដែលរួមមានទាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសនីមួយៗជាសមាជិករបស់ខ្លួន»៕
ប្រភព៖ ក្រសួងព័ត៌មាន