បរទេស៖ ចំនួននៃករណីចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារតែជំងឺកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ ប៉ុន្តែករណីពីរនៃប្រភេទវ៉ារ៉្យង់រង XBB ត្រូវបានរកឃើញ។ ប្រការនេះបានជំរុញឱ្យក្រសួងសុខាភិបាលបង្កើនអាំងតង់ស៊ីតេពិនិត្យជំងឺនៅតាមអាកាសយានដ្ឋានដើម្បីពិនិត្យរកអ្នកឆ្លងដែលធ្វើដំណើរមកពីបរទេស។
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ (DMS) លោក ស៊ូប៉ាគីត ស៊ីរីឡាក់ បាននិយាយថា សំណាកជំងឺកូវីដ-១៩ ចំនួន ១២៨នាក់ត្រូវបានត្រួតពិនិត្យដោយចៃដន្យកាលពីសប្តាហ៍មុន។ សំណាកទាំងអស់ត្រូវបានរកឃើញថាជាវ៉ារ្យ៉ង់អូមីក្រុង ដែលភាគច្រើនជាវ៉ារ្យ៉ង់រង BA.5 ។ វ៉ារ្យង់រង BA.2.75 មិនត្រូវបានរកឃើញនៅក្នុងសំណាកណាមួយឡើយ។
លោកវេជ្ជបណ្ឌិត ស៊ូប៉ាគីត បានរាយការណ៍ថា មនុស្សពីរនាក់ត្រូវបានរកឃើញថាឆ្លងវ៉ារ៉្យង់រង XBB នៃវ៉ារ៉្យង់អូមីក្រុង។ ទី១ គឺស្ត្រីជនជាតិបរទេសអាយុ ៦០ឆ្នាំ ដែលធ្វើដំណើរមកពីបរទេស ។ អ្នកជំងឺមិនមានអាការៈក្អក ឬគ្រុនក្តៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះទេ ហើយបានជាសះស្បើយរួចរាល់ហើយដែរ។ ជនទី២ ជាស្ត្រីជនជាតិថៃអាយុ ៤៩ឆ្នាំ មានអាការៈក្អក និងរលាកបំពង់ក និងមិនមានគ្រុនក្តៅទេ ហើយក៏បានជាសះស្បើយហើយដែរ។
លោកវេជ្ជបណ្ឌិត ស៊ូប៉ាគីត បាននិយាយថា វ៉ារ៉្យង់រងមួយផ្សេងទៀត គឺវ៉ារ៉្យង់រង BF.7 ត្រូវបានរកឃើញនៅក្នុងមនុស្សចំនួនពីរនាក់។ ទី១ គឺជាជនជាតិបរទេសដែលរស់នៅក្នុងប្រទេសថៃ និងទីពីរ គឺស្ត្រីជនជាតិថៃ ជាបុគ្គលិកថែទាំសុខភាព។ អ្នកទាំងពីរមិនមានរោគសញ្ញាធ្ងន់ធ្ងរទេ។
មន្ត្រីសុខាភិបាលក៏បានរកឃើញមនុស្ស ១០នាក់ដែលបានឆ្លងវ៉ារ៉្យង់រង BN.1 ដែរ។ ប្រធាន DMS បាននិយាយថា វ៉ារ៉្យង់រង BA.5 នៅតែជាប្រភេទចម្បងដែលរីករាលដាលនៅក្នុងប្រទេសថៃ៕
ប្រភព៖ ក្រសួងព័ត៌មាន