បរទេស៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌ្មីទ្រី ម៉េដវេដេវ បានព្រមានកាលពីថ្ងៃចន្ទថា វាជាកំហុសសម្រាប់ប្រទេសអ៊ីស្រាអែលក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
លោក ម៉េដវេដេវ បានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់លោកថា «អ៊ីស្រាអែលហាក់ដូចជាបានសម្រេចចិត្តផ្គត់ផ្គង់សព្វាវុធដល់របបទីក្រុងគៀវ។ នោះគឺជាការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់មួយ ព្រោះវានឹងបំផ្លាញដល់ទំនាក់ទំនងអន្តររដ្ឋទាំងអស់រវាងប្រទេសរបស់យើង»។
លោកបាននិយាយថា អ៊ីស្រាអែលក៏អាចទទួលស្គាល់លោក [ស្ទេភែន] បាន់ដេរ៉ា និងលោក [រ៉ូមែន] ស៊ូខេវីច ថាជាវីរបុរសរបស់ខ្លួនដែរ។ លោក បាន់ដេរ៉ា គឺជាមេដឹកនាំអង្គការអ្នកជាតិនិយមអ៊ុយក្រែន (OUN) ហើយលោក ស៊ូខេវីច បានដឹកនាំកងទ័ពបះបោរអ៊ុយក្រែន (UPA)។ អង្គការទាំងពីរ គឺជាអង្គការនៅក្រៅច្បាប់នៅក្នុងប្រទេសរុស្ស៊ី។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងកិច្ចការជនភៀសខ្លួនអ៊ីស្រាអែល លោក ណាចមែន សៃ បាននិយាយថា ប្រទេសរបស់លោកគួរតែធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ ហើយចាប់ផ្តើមផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន៕
ប្រភព៖ ក្រសួងព័ត៌មាន