បរទេស៖ កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានបញ្ជាឲ្យទីភ្នាក់ងារអនុវត្តច្បាប់រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងបង្ក្រាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីមានការសម្លាប់មនុស្សយ៉ាងរង្គើលដោយអតីតនគរបាលនៅមជ្ឈមណ្ឌលថែទាំកុមារ ដែលបានធ្វើឲ្យប្រជារាស្ត្រទូទាំងប្រទេសមានការតក់ស្លត់។
កាលពីសប្តាហ៍មុន ជនរងគ្រោះសរុបចំនួន ៣៦នាក់ ដែលមានទាំងកុមារចំនួន ២៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំបិត និងកាំភ្លើងដោយអតីតនគរបាល ដែលក្រោយមក ជននោះបានសម្លាប់ខ្លួនឯងនៅក្នុងខេត្ត Uthai Sawan ដែលមានចម្ងាយប្រមាណ ៥០០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក។ ដែលនោះជាការសម្លាប់កុមារដ៏សាហាវ ដែលបង្កដោយជនល្មើសតែម្នាក់ នៅក្នុងពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា លោក Prayuth បានបញ្ជាឲ្យក្រុមអាជ្ញាធរស្រាវជ្រាវ និងបង្ក្រាបយ៉ាងសកម្មចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងចំណោមក្រុមមន្ត្រី និងសហគមន៍ រួមទាំងបង្កើនការព្យាបាលសម្រាប់អ្នកញៀនថ្នាំញៀនផងដែរ។
លោក Anucha បាននិយាយថា លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ត្រីអត្រានុកូលដ្ឋានដកហូតអាជ្ញាប័ណ្ណម្ចាស់កាំភ្លើងដែលត្រូវបានរាយការណ៍ថា មានអាកប្បកិរិយា “គំរាមកំហែងដល់សង្គម” និង “បង្កើតភាពវឹកវរ ឬ បង្កឲ្យមានចលាចល” រួមទាំង ការបង្ក្រាបការជួញដូរកាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់ផងដែរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ