បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា បេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងជប៉ុន បានធ្វើការពិគ្រោះយោបល់គ្នាកាលពីថ្ងៃពុធអំពីវិធីដោះស្រាយជាមួយនឹងការបង្កហេតុជាបន្តបន្ទាប់របស់កូរ៉េខាងជើង ដែលត្រូវបានគូសបញ្ជាក់ដោយការបាញ់បង្ហោះគ្រាប់មីស៊ីលផ្លោងកាលពីពេលថ្មីៗនេះ។
លោក គីម ហ្គុនន៍ អ្នកតំណាងពិសេសរបស់ក្រសួងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បានជួបជាមួយសមភាគីជប៉ុន លោក តាកេហ៊ីរ៉ូ ហ្វូណាកូស៊ី នៅក្រសួងការបរទេសកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល។ ពួកគេធ្លាប់បានជួបគ្នាម្តងរួចមកហើយនៅទីក្រុងតូក្យូកាលពីដើមខែមុនជាមួយនឹងសមភាគីសហរដ្ឋអាមេរិក គឺលោក ស៊ុង គីម។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាស្តីពីស្ថានភាពជុំវិញប្រទេសកូរ៉េខាងជើង រួមទាំងការអនុម័តច្បាប់ថ្មីរបស់ទីក្រុងព្យុងយ៉ាង ដែលអនុញ្ញាតិឱ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុន និងការធ្វើសមយុទ្ធមីស៊ីលនាពេលថ្មីៗនេះ ដែលធ្វើឡើងក្រោមមូលដ្ឋាននៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
ក្រសួងនេះបាននិយាយបន្ថែមថា ពួកគេក៏បានចែករំលែកទស្សនៈគ្នាផងដែរថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនកំពុងរក្សាកិច្ចសហប្រតិបត្តិការសន្តិសុខយ៉ាងជិតស្និទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ហើយបានព្រមព្រៀងគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដើម្បីនាំទីក្រុងព្យុងយ៉ាងត្រឡប់ទៅកាន់កិច្ចសន្ទនាគ្នាវិញសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលបានធ្វើឡើងនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីខែមុន។
លោក យូន និងលោក គីស៊ីដា ក៏បានជជែកគ្នាតាមទូរស័ព្ទកាលពីសប្តាហ៍មុនដែរ ក្នុងការថ្កោលទោសការបង្កហេតុដោយការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ហើយបានព្រមព្រៀងធ្វើការងារជាមួយគ្នាក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕
ប្រភព៖ ក្រសួងព័ត៌មាន