សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ស្តីពីការចុះពិនិត្យផលប៉ះពាល់ការខូចខាតដំណាំស្រូវនិងវិធានការស្តារឡើងវិញ ក្រោយរងគ្រោះដោយទឹកជំនន់ បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវក្នុងខេត្តសៀមរាបរងផលប៉ះពាល់ចំនួនសរុប ៣៧ ៧៨៥ ហិកតា នៅក្នុងស្រុកចំនួន០៧ ក្នុងនោះមានស្រុកស្រីស្នំ, អង្គរជុំ, ពួក, វ៉ាវិន, ជីក្រែង, ក្រឡាញ់, និងស្រុកប្រាសាទបាគង។
ដំណាំស្រូវ ទទួលរងការខូចខាតសរុប ១៣ ៨៥៥ ហិកតា លើស្រុកចំនួន០៦ ឃុំចំនួន៣២ ភូមិចំនួន២២១ និង ៧ ២៥២ គ្រួសារ។ ចំពោះផលប៉ះពាល់ដោយជំនន់ទឹកទន្លេលើដំណាំស្រូវមានចំនួន០២ស្រុក ៩ឃុំ ៧២ភូមិ ២ ២៤៧គ្រួសារ ស្មើ នឹងផ្ទៃដី ២ ២៨៩ ហិកតា ក្នុងនោះ ស្រុកជីក្រែងមាន៨ឃុំ ៦៨ភូមិ ១ ៩៦១ គ្រួសារ ស្មើនឹងផ្ទៃដី ១ ៩៥៩ ហិកតា និងស្រុកពួក ០១ឃុំ ៤ភូមិ ២៨៦គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៣៣០ហិកតា។ ចំពោះដំណាំដំឡូងមី រងផលប៉ះពាល់លើផ្ទៃដីសរុបចំនួន ៧ ៣៥១ ហិកតា មាន ២ស្រុក ចំនួន៨ឃុំ ៥៦ ភូមិ និងមាន ៤ ៦៥៣ គ្រួសារ រងគ្រោះ ។
ដំណាំដំឡូងមីទទួលរងការខូចខាតសរុប ៣ ១២០ ហិកតា លើស្រុកចំនួន២ ឃុំចំនួន ០៨ ភូមិចំនួន ៥៦ និង ៤ ០៤២គ្រួសារ។ ដោយឡែកចំពោះសត្វចិញ្ចឹម នៅស្រុកវ៉ារិនមានសត្វគោងាប់ចំនួន០១ក្បាល និងបក្សីចំនួន ៦៧៦ក្បាល។
បើតាមរបាយការណ៍ដដែលបានបន្តថា តាមការប៉ាន់ស្មានផ្ទៃដីអាចស្តារឡើងវិញមានចំនួនសរុប ៣ ៧៧៤ ហិកតា ស្មើតម្រូវការពូជចំនួន ៣៧៧,៤តោន ក្នុងនោះស្រុកស្រីស្នំ ១ ៥៧៥ ហិកតា ស្រុកពួក ២៥៣ ហិកតា និងស្រុកក្រឡាញ់ ១ ៨៩៤ ហិកតា ស្រុកជីក្រែង៥២ហិកតា ៕
ប្រភព៖ ក្រសួងព័ត៌មាន