បរទេស៖ សំណល់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយរាប់ពាន់ដូស ត្រូវបានគេរកឃើញកប់នៅលើច្រាំងឆ្នេរ Oquendo ក្នុងប្រទេសប៉េរូ ក្នុងអំឡុងពេលមានយុទ្ធនាការសម្អាតឆ្នេរសមុទ្រ ដែលធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាល Vida។
សកម្មជន និងជាអ្នកធ្វើការនៃអង្គការនេះបានចាប់ផ្តើមសកម្មភាពប្រមូលសំរាមតាំងពីថ្ងៃទី5 ខែតុលាមក ហើយបានរាយការណ៍ពីករណីរកឃើញសំណល់វេជ្ជសាស្រ្តជាដបវ៉ាក់សាំងរាប់ពាន់ដូស និងបានផ្សព្វផ្សាយបន្តនៅលើបណ្តាញសង្គមរបស់ពួកគេជាបន្តបន្ទាប់ ខណៈដែលពួកគេក៏បានបន្តការងារសម្អាតមាត់ឆ្នេររហូតមក។
លោក Arturo Alfaro មកពីអង្គការបរិស្ថាន Vida បានប្រាប់សារព័ត៌មាន Associated Press ថាមានសំណល់វ៉ាក់សាំងរាប់ពាន់ ដែលអាចចេញពីមន្ទីរពិសោធន៍អាល្លឺម៉ង់ Glaxo Smith Kline ។ ប៉ុន្តែក្រសួងសុខាភិបាល បានបដិសេធក្នុងសេចក្តីថ្លែងការណ៍មួយ ដែលថាអាជ្ញាធរសុខាភិបាលរដ្ឋមិនបានទិញវ៉ាក់សាំងទាំងនោះទេ។
ចំណែកអង្គការនេះបាននិយាយថា ពួកគេតែងតែធ្វើការសម្អាតឆ្នេរ នៅតំបន់នេះអស់រយៈពេលពីរទសវត្សរ៍មកហើយ ហើយវាជារឿងធម្មតាទៅហើយ ដែលពួកគេតែងតែប្រទះឃើញសំណល់វេជ្ជសាស្ត្រដូចជាសឺរ៉ាំង និងបំពង់សំណាកឈាមជាដើមនៅទីនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន