បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺរ លូកាសិនកូ បាននិយាយថា វានឹងគ្មានន័យអ្វីឡើយសម្រាប់អ៊ុយក្រែនក្នុងការបើករណសិរ្សទីពីរនៅតាមព្រំដែនបេឡារុស្ស ប៉ុន្តែលោកខាងលិចកំពុងជំរុញឱ្យវាឆ្ពោះទៅរកការចាប់ផ្តើមសង្គ្រាមបែបនេះ។
ទីភ្នាក់ងារ សារព័ត៌មាន BelTA បានដកស្រង់ សម្តីរបស់លោកលូកាសិនកូ ដែលបាននិយាយ ក្នុងកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខថា «ខ្ញុំបាននិយាយរួចហើយថា ប្រទេសអ៊ុយក្រែនថ្ងៃនេះមិនមែនគ្រាន់តែពិភាក្សាទេ ប៉ុន្តែវាជាការរៀបចំផែនការវាយប្រហារលើទឹកដីបេឡារុស្ស។ ពិតណាស់ អ៊ុយក្រែនពិតជាមិនត្រូវការរឿងនេះទេ។
ហេតុអ្វីពួកគេគួរបើករណសិរ្សទីពីរនៅតាមព្រំដែនភាគខាងត្បូងរបស់យើង និងនៅភាគខាងជើងរបស់ពួកគេ? តាមទស្សនៈយោធានេះ ជារឿងដ៏ឆ្កួតលីលា»។
លោកបាននិយាយថា «ទោះជាយ៉ាងណាក៏ដោយ ដំណើរការបានចាប់ផ្តើមហើយ។ ពួកគេកំពុងត្រូវបានជំរុញដោយអ្នកឧបត្ថម្ភរបស់ពួកគេដើម្បីឆ្ពោះទៅរកការផ្ទុះសង្រ្គាមប្រឆាំងនឹងបេឡារុស្ស ហើយអូសយើងចូលទៅក្នុងសង្រ្គាមនោះ ព្រមទាំងដើម្បីដោះស្រាយជាមួយរុស្ស៊ី និងបេឡារុស្សក្នុងពេលដំណាលគ្នា»។
លោក លូកាសិនកូ បានរំលឹកថា លោកបានព្រមានអំពីការគំរាមកំហែងនៅតាមព្រំដែនភាគខាងលិចតាំងពីដើមដំបូងនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកបានសន្យាថា បេឡារុស្សនឹងមិនអនុញ្ញាតឱ្យនរណ ម្នាក់ចាក់កងកម្លាំងរុស្ស៊ី ពីខាងក្រោយ ឡើយ។
លោក លូកាសិនកូ បាននិយាយថា «ខ្ញុំដឹងយ៉ាងច្បាស់ថា ទិសដៅដ៏គ្រោះថ្នាក់បំផុតសម្រាប់ពួកយើង គឺនៅភាគខាងលិច ប្រសិនបើយើងទុកវាចោលដោយគ្មានការការពារ សង្គ្រាមនឹងកើតមាននៅមាត់ទ្វាររបស់យើងនៅថ្ងៃនេះ ប៉ុន្តែយើងពេញចិត្តក្នុងការរក្សាកងកម្លាំងប្រដាប់អាវុធរបស់យើងនៅទីនោះ»៕
ប្រភព៖ ក្រសួងព័ត៌មាន