បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានអោយដឹងថា លោក Pol Gen Damrongsak Kittiprapas ដែលជាអគ្គស្នងការនគរបាលជាតិបាននិយាយថា ព្រះមហាក្សត្រនឹងផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះពីការសម្លាប់រង្គាលកាលពីថ្ងៃព្រហស្បតិ៍ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនៅខេត្តណង ប៊ូឡាំភូ ភាគឦសាន ដែលបានបណ្តាលឲ្យមនុស្ស ៣៨ នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួស។ ក្នុងនោះចំណោមអ្នកស្លាប់ទាំងអស់ក៏រួមមានឃាតករ ប្រពន្ធ និងកូនប្រុសអាយុ៣ឆ្នាំ ដែលជនដៃដល់បាញ់សម្លាប់ផងដែរ។
លោក Pol Gen Damrongsak បានបន្ថែមទៀតថា ទីប្រឹក្សាឯកជនតំណាងឱ្យព្រះមហាក្សត្រ គ្រោងនឹងមកដល់ខេត្តណង ប៊ូឡាំភូ ដើម្បីតាមដានស្ថានការណ៍។
យោងតាមប៉ូលិស បានបញ្ជាក់អោយដឹងថាជនរងគ្រោះចំនួន ២៤នាក់ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ក្នុងហេតុការណ៍បាញ់រះនៅមជ្ឈមណ្ឌលនេះ គឺជាកុមារ។ ប៉ូលិសបន្តថា យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ៦នាក់របួសធ្ងន់។
ការបាញ់ប្រហារបានចាប់ផ្តើមនៅវេលាម៉ោង១២:១០នាទី ម៉ោងនៅក្នុងស្រុក ហើយចំពោះមូលហេតុដែលបង្កអោយមានការបាញ់ប្រហារនេះ គឺនៅស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។ ប៉ូលិសបាននិយាយថា អតីតប៉ូលីសឈ្មោះ Sgt Panya Khamrab អាយុ ៣៤ឆ្នាំ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមកនេះ ដោយសារតែគាត់មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ហើយគាត់បានសារភាពចំពោះការចោទប្រកាន់មួយនេះផងដែរ។
គួរបញ្ជាក់ថា ក្រោយមានហេតុការណ៍បាញ់រះនេះកើតឡើង Sgt Panya Khamrab បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ ក្នុងនោះការិយាល័យស៊ើបអង្កេតកណ្តាលបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ប្រពន្ធ និងកូនរបស់ខ្លួននៅខាងក្នុងផ្ទះរបស់ខ្លួន ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ ខណៈពេលដែលប៉ូលិសធ្វើការឡោមព័ទ្ធនៅខាងក្រៅផ្ទះ៕