បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មិនមានគម្រោងទៅចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៧ របស់អង្គការសហប្រជាជាតិ ដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសអេហ្ស៊ីបក្នុងខែវិច្ឆិកាខាងមុខនោះទេ។
សន្និសីទនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប នៅថ្ងៃទី៦-១៨ ខែវិច្ឆិកា។ មានសេចក្តីរាយការណ៍ពីមុននេះថា គណៈប្រតិភូរុស្ស៊ីនឹងត្រូវដឹកនាំដោយបេសកជនពិសេសប្រធានាធិបតីសម្រាប់ការប្រែប្រួលអាកាសធាតុ លោក រូស្លាន់ អេឌែលជើរីវ។ ដូចដែលលោក អេឌែលជើរីវ បានប្រាប់សារព័ត៌មានតាសស៍ពីមុនថា សេចក្តីប្រកាសស្តីពីការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងត្រូវបានពិភាក្សានៅក្នុងសន្និសីទនាពេលខាងមុខនោះ។ គណៈប្រតិភូរុស្ស៊ីសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមាននៃសន្និសីទនោះ៕
ប្រភព៖ ក្រសួងព័ត៌មាន