បរទេស៖ ក្រសួងសុខាភិបាលឡាវបានជំរុញឱ្យប្រជាជនបន្តអនុវត្តតាមវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ បើទោះបីជាមានករណីឆ្លងប្រចាំថ្ងៃតិចតួចត្រូវបានរាយការណ៍ក៏ដោយ។
យោងតាមលោក ផុនណេប៉ាសឺត អ៊ូណាភុម អគ្គនាយកនៃនាយកដ្ឋានអនាម័យ និងលើកកម្ពស់សុខភាពរបស់ក្រសួងបានឱ្យដឹងថា ការធ្លាក់ចុះនេះមិនមែនមានន័យថា ជំងឺរាតត្បាតនោះបានបាត់ទៅវិញនោះទេ ហើយវិធានការទាំងអស់ទាក់ទងនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ គួរតែបន្តអនុវត្ត។ ករណីឆ្លងក៏ធ្លាក់ចុះផងដែរ ដោយសារតែមនុស្សកាន់តែច្រើនមានភាពស៊ាំនឹងមេរោគ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង។
គិតត្រឹមថ្ងៃទី០៣ ខែតុលា ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២១៥ ៨៨០នាក់ត្រូវបានកត់ត្រានៅក្នុងប្រទេសឡាវ ហើយអ្នកជំងឺចំនួន ៦៦៥នាក់បានស្លាប់ដោយសារវីរុសនេះ។ អត្រាអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ និងលើកទី២ រហូតមកដល់ពេលនេះសម្រេចបាន ៨០,៩% និង ៧១,១%៕
ប្រភព៖ ក្រសួងព័ត៌មាន