អ្នកវិជ្ជមានកូវីដ១៩នៅថៃ គឺតម្រូវអោយធ្វើចត្តាឡីស័កយ៉ាងហោច ៥ថ្ងៃ

0

បរទេស៖ អាជ្ញាធរសុខាភិបាលថៃលែងចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៏គ្រោះថ្នាក់ទៀតហើយ ប៉ុន្តែអ្នកដែលធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះត្រូវបានស្នើឱ្យនៅឱ្យដាច់ដោយឡែកអ្នកដ៏ទៃយ៉ាងហោចណាស់ ៥ថ្ងៃ។

អាជ្ញាធរសុខាភិបាលបានបង្ហាញគោលការណ៍ណែនាំចុងក្រោយបំផុតសម្រាប់អ្នកជំងឺកូវីដ-១៩ ដោយពិធីសារឥឡូវនេះបានកំណត់លំនាំដើមសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាលរហូតដល់អ្នកដែលគ្មានរោគសញ្ញា។

ការកែតម្រូវនេះត្រូវបានធ្វើឡើងបន្ទាប់ពីការបន្ទាបចំណាត់ថ្នាក់នៃជំងឺកូវីដ-១៩ ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ទៅជាជំងឺឆ្លងក្រោមការឃ្លាំមើល ដែលបណ្តាលឱ្យមានការបន្ធូរបន្ថយបន្ថែមទៀតនូវវិធានការដែលបានដាក់ពីមុនដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

លោកវេជ្ជបណ្ឌិត ថុងឆៃ កេរ៉ាតទីហ៊ុតតាយ៉ាកន អគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្ដបាននិយាយថា ប្រជាពលរដ្ឋដែលធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ដែលមិនមានរោគសញ្ញា នឹងត្រូវអនុវត្តវិធានការប្រុងប្រយ័ត្នដែលរួមមានការរក្សាគម្លាតសង្គម ការពាក់ម៉ាស់ និងអនាម័យដៃរយៈពេល ៥ថ្ងៃ។ ពួកគេនឹងមិនត្រូវបានចេញវេជ្ជបញ្ជាឱសថប្រឆាំងនឹងវីរុសនោះទេ។

អ្នកជំងឺដែលបង្ហាញរោគសញ្ញាស្រាល នឹងត្រូវបានចាត់ទុកជាអ្នកជំងឺក្រៅ ដោយមានវេជ្ជបញ្ជាឱសថប្រឆាំងនឹងវីរុស ដោយផ្អែកលើការសម្រេចចិត្តរបស់វេជ្ជបណ្ឌិត។ ឱសថដែលផ្តល់ឱ្យអ្នកជំងឺដែលមានចេញរោគសញ្ញានោះ រួមមានឱសថ chiretta បៃតង និងឱសថ Favipiravir ខណៈដែលអ្នកដែលមានលក្ខខណ្ឌសុខភាពមូលដ្ឋានអាចទទួលបានឱសថប្រឆាំងវីរុសមួយក្នុងចំណោមឱសថប្រឆាំងវីរុសដែលត្រូវបានអនុម័តសម្រាប់ការព្យាបាលជំងឺកូវីដ-១៩។

អ្នក ជំងឺ ដែល កើត ជំងឺ រលាក សួត នឹង ត្រូវ បញ្ជូន ទៅ កាន់មន្ទីរពេទ្យ ហើយ នឹង ត្រូវ បានចេញវេជ្ជបញ្ជាឱសថ Remdesivir។ លោកវេជ្ជបណ្ឌិត ថុងឆៃ បាននិយាយថា អ្នកដែលមានជំងឺប្រចាំកាយ គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាផលវិបាកធ្ងន់ធ្ងរ ហើយកុមារដែលដែលមានអាការៈងងុយដេក ខ្វះចំណង់អាហារ ខ្វះជាតិទឹកដោយសាររាគ ឬប្រកាច់ដោយសារគ្រុនក្តៅខ្លាំង គួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់។

គោលការណ៍ណែនាំបច្ចុប្បន្ននេះ មិនបានណែនាំឱ្យធ្វើតេស្ដអង់ទីហ្សែនដោយខ្លួនឯងទៀតទេ លុះត្រាតែមានចេញរោគសញ្ញាគួរឱ្យសង្ស័យ។ ប្រជាជនត្រូវបានលើកទឹកចិត្តឱ្យនៅផ្ទះនៅពេលមានរោគសញ្ញាដូចជាក្អក និងហៀរសំបោរ។ ប្រសិនបើពួកគេត្រូវចាកចេញពីផ្ទះ ពួកគេគួរតែពាក់ម៉ាស់ពីរជាន់ រក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ និងត្រូវលាងដៃឱ្យបានញឹកញាប់៕

ប្រភព៖ ក្រសួងព័ត៌មាន