បរទេស៖ នៅថ្ងៃពុធនេះអាជ្ញាធរប្រទេសថៃបានព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរដែលអាចកើតមាននៅក្នុងទីក្រុងបាងកក និងតំបន់កណ្តាល ក្រោយពេលដែលមានការជូនដំណឹងស្តីអំពីស្ថានភាពភ្លៀងធ្លាក់ខ្លាំងរហូតដល់សប្តាហ៍ក្រោយ។ ស្ថានភាពនៅពេលនេះវាកាន់តែអាក្រក់ទៅៗ ដោយសារបរិមាណទឹកដ៏ច្រើនបានហូរចុះមកពីទឹកជំនន់នៅភាគខាងជើងនៃប្រទេស និងពីការហូរចេញពីទំនប់វារីអគ្គិសនី។
ទីក្រុងបាងកកបានរងការជន់លិចរួចហើយចាប់តាំងពីថ្ងៃច័ន្ទនេះខណៈដែលភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យកំពស់ទឹកឡើប្រហែលជា ១៦ សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង ទោះបីជាស្ថានភាពនៅក្នុងតំបន់ភាគច្រើនមានភាពប្រសើរឡើងក៏ដោយ។ អាជ្ញាធរបាននិយាយទៀតថា ដើម្បីទប់ទល់នឹងស្ថានការណ៍បែបនេះពួកគេបានប្រើបាវខ្សាច់ធ្វើ ជារបងឃាំងទឹកនៅតាមមាត់ទន្លេ និងរៀបចំម៉ាស៊ីនបូមទឹកនៅផ្លូវក្រោមដី និងមានរថយន្តយោធារង់ចាំ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ។
ចំណែកឯអភិបាលរងក្រុងបាងកក លោក Tawida Kamolvej បាននិយាយថា ប្រសិនបើកម្រិតទឹកភ្លៀងនៅតែខ្ពស់ តំបន់ជាច្រើននឹងងាយរងគ្រោះ ដោយសារវានឹងចំណាយពេលច្រើនម៉ោងដើម្បីបង្ហូរទឹកដែលជន់លិចចូលទៅក្នុងទន្លេដែលវាមានទឹកហូរហៀររួចទៅហើយនោះ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា