បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអាន់តារ៉ារបស់ឥណ្ឌូណេស៊ីបានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលីបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលុបបំបាត់ការនេសាទខុសច្បាប់នៅជិតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការធនធានសមុទ្រ និងការនេសាទពីការគំរាមកំហែងនៃការនេសាទខុសច្បាប់ ព្រមទាំងការនេសាទដោយគ្មានការរាយការណ៍ និងគ្មានការត្រួតពិនិត្យ (IUU) ជាពិសេសនៅតំបន់ព្រំដែនរវាងសមុទ្រទីម័រ និងសមុទ្រអារ៉ាហ្វូរ៉ា។
អគ្គនាយកនៃនាយកដ្ឋានធនធានជលផល និងនេសាទ នៃក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី ឧត្តមនាវីឯក អាឌីន នូរ៉ាវ៉ាលុដឌីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២ ខែតុលាថា ប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលី ប្តេជ្ញាបង្កើតដែនសមុទ្រដែលមានសុវត្ថិភាព និងគ្មានការនេសាទ IUU។
កិច្ចព្រមព្រៀងនេះ គឺជាការសម្រេចបាននូវដំណោះស្រាយរយៈពេលវែងដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅឯវេទិកាឃ្លាំមើលជលផលរវាងឥណ្ឌូណេស៊ី-អូស្ត្រាលីលើកទី២២ (IASSS) នៅទីក្រុងដារវីននៃប្រទេសអូស្ត្រាលី។
ប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលី បានបង្កើតក្រុមការងារចំនួនបីដើម្បីសម្រេចបាននូវសកម្មភាពរួមគ្នាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។
ក្រុមការងារទាំងបីនោះបានចូលរួមរៀងៗខ្លួនក្នុងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ការឃ្លាំមើល និងការអនុវត្តច្បាប់៕
ប្រភព៖ ក្រសួងព័ត៌មាន