ប្រធានាធិបតីឥណ្ឌូណេស៊ី បញ្ជាអោយស៊ើបអង្កេតទៅលើករណីអ្នកគាំទ្របាល់ប៉ះទង្គិចគ្នា រហូតមានមនុស្សស្លាប់ជិត ២០០នាក់

0

បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាឱ្យប៉ូលីសស៊ើបអង្កេតទៅលើឧបទ្ទវហេតុរត់ជាន់គ្នាមួយនៅកីឡដ្ឋានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៤នាក់ និងប្រហែល ១៨០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីការប្រកួតបាល់ទាត់មួយ។

លោកប្រធានាធិបតីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំក៏បានបញ្ជាឱ្យប៉ូលិសធ្វើការវាយតម្លៃយ៉ាងពេញលេញនូវនីតិវិធីសុវត្ថិភាពសម្រាប់ការប្រកួតបាល់ទាត់ផងដែរ»។

លោកក៏បានណែនាំដល់សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ឱ្យផ្អាកការប្រកួតបាល់ទាត់ទាំងអស់នៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះជាបណ្តោះអាសន្ន រហូតដល់ការស៊ើបអង្កេតពាក់ព័ន្ធត្រូវបានបញ្ចប់។

មានមន្រ្តីប៉ូលិសពីរនាក់ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។ សោកនាដកម្មដែលជាគ្រោះមហន្តរាយនៅកីឡដ្ឋានដ៏សាហាវបំផុតមួយរបស់ពិភពលោកបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍នៅឯកីឡដ្ឋានកាន់ជូរូហាន់ ក្នុងទីក្រុងម៉ាឡាងនៃខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីក្លឹបបាល់ទាត់អារេម៉ាម៉ាឡាង បានប្រកួតចាញ់ក្លឹបបាល់ទាត់ពើរសេបាយ៉ាស៊ូរ៉ាបាយ៉ា នៅក្នុងការប្រកួតបាល់ទាត់លីគឥណ្ឌូណេស៊ី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលប្រកួតចាញ់បានឡើងលើរបងហើយសម្រុកចូលទៅក្នុងទីលានបាល់ទាត់ ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលីស និងមានការរត់ជាន់គ្នា។

ការរាយការណ៍នោះបាននិយាយថា មន្រ្តីប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើមនុស្ស ដែលបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមហ្វូងមនុស្ស។ មនុស្សម្នាប្រញាប់ប្រញាល់ចាកចេញពីកីឡដ្ឋានដែលនាំឱ្យមានការរត់ជាន់គ្នានៅច្រកចេញ។

មេប៉ូលិសខេត្ត លោក នីកូ អាហ្វីនតា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «មនុស្សប្រហែល ៣៤នាក់បានស្លាប់នៅក្នុងកីឡដ្ឋាន ហើយអ្នកផ្សេងទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ»។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខរបស់ប្រទេសឥណ្ឌូណេស៊ី លោក ម៉ាហ៍ហ្វ៊ូដ អឹមឌី បាននិយាយនៅលើគណនីបណ្តាញសង្គមផ្លូវការរបស់លោកថា មិនមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមគូប្រជែងនៅក្នុងការប្រកួតនោះទេ ដោយសារតែអ្នកគាំទ្រក្រុមពើរសេបាយ៉ា ដែលជាក្រុមឈ្នះមិនបានអនុញ្ញាតឱ្យមើលការប្រកួតនៅឯកីឡដ្ឋានទេ។

លោកបានសរសេរថា «ជនរងគ្រោះភាគច្រើនបានស្លាប់ដោយសារការរត់ជាន់គ្នា ថប់ដង្ហើម ការសង្កត់ក និងជាន់លើ» ដោយលោកបាននិយាយបន្ថែមថា សំបុត្រចូលទស្សនាចំនួន ៤២ ០០០សន្លឹកត្រូវបានលក់ចេញសម្រាប់កីឡដ្ឋានដែលមានសមត្ថភាពផ្ទុកមនុស្សបានត្រឹមតែ ៣៨ ០០០នាក់ប៉ុណ្ណោះនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន