ម៉ាឡេស៊ី នឹងអនុវត្តអត្រាប្តូរប្រាក់មួយនេះ ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបាននិយាយថា អត្រាប្តូរប្រាក់រីងហ្គីតដែលអាចបត់បែនបានមានសារៈសំខាន់ណាស់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រី ហ្សាហ្រ្វ៊ុល តេងគូ អាប់ឌុល អាហ្ស៊ីហ្ស បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈធនាគារណេហ្ការ៉ាម៉ាឡេស៊ី (BNM) នឹងតែងតែធានាបាននូវលក្ខខណ្ឌទីផ្សារហិរញ្ញវត្ថុប្រកបដោយស្ថិរភាព និងមានភាពរលូន ព្រមទាំងចាត់វិធានការយ៉ាងសកម្មដើម្បីផ្តល់សាច់ប្រាក់ងាយស្រួល និងទីផ្សារដែលមានភាពធន់ ដើម្បីធានាស្ថិរភាពនៃប្រាក់រីងហ្គីត។

លោកបាននិយាយថា ការត្រួតពិនិត្យជាបន្តត្រូវបានអនុវត្តដោយធនាគារកណ្តាលដើម្បីធានាបាននូវស្ថានភាពទីផ្សារប្តូរប្រាក់បរទេសប្រកបដោយសណ្តាប់ធ្នាប់ និងជៀសវាងការប្រែប្រួលគួរឱ្យកត់សម្គាល់នៃអត្រាប្តូរប្រាក់រីងហ្គីត។ លោកបាននិយាយបន្ថែមថា រដ្ឋាភិបាលនឹងបន្តគ្រប់គ្រងហានិភ័យនៃការអភិវឌ្ឍក្នុងស្រុក និងខាងក្រៅ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា បើប្រៀបធៀបនឹងវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៨ ប្រទេសម៉ាឡេស៊ីមិនស្ថិតក្នុងស្ថានភាពវិបត្តិហិរញ្ញវត្ថុ ឬសេដ្ឋកិច្ចទេ។ ដូច្នេះហើយ រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈ BNM មិនមានចេតនាក្នុងការបញ្ឆេះរូបិយប័ណ្ណរីងហ្គីតប្រឆាំងនឹងប្រាក់ដុល្លារអាម៉េរិកនៅពេលនេះទេ ដោយសារការផ្លាស់ប្តូរនេះមានហានិភ័យខ្លាំង។

បើទោះបីជាប្រាក់រីងហ្គីតបានធ្លាក់ចុះ ៨.៧% ធៀបនឹងប្រាក់ដុល្លារអាម៉េរិកចាប់តាំងពីដើមឆ្នាំ២០២២ មកក៏ដោយ ក៏រូបិយប័ណ្ណផ្សេងទៀតបានធ្លាក់ចុះក្នុងអត្រាគួរឱ្យកត់សម្គាល់បន្ថែមទៀត រួមទាំងប្រាក់យ៉េនជប៉ុន ប្រាក់ផោនអង់គ្លេស និងប្រាក់អឺរ៉ូផងដែរ។

លោកបានចាត់ទុកថា ការឡើងថ្លៃប្រាក់ដុល្លារអាម៉េរិកជាកត្តាចម្បងដែលបានជះឥទ្ធិពលដល់ចលនាប្តូរប្រាក់បរទេសក្នុងពិភពលោក និងក្នុងតំបន់៕

ប្រភព៖ ក្រសួងព័ត៌មាន