បរទេស៖ ទីភ្នាក់ងារសារព័ត៌មានបឺរណាម៉ាបានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ីមានសុទិដ្ឋិនិយមអំពីការសម្រេចបាននូវគោលដៅនៃភាពក្រីក្រកម្រិតសូន្យនៅត្រឹមចុងឆ្នាំ២០២៥ ជាមួយនឹងវិធីសាស្រ្តរួមបញ្ចូលគ្នាក្នុងការអនុវត្តគម្រោងសាកល្បងឆ្ពោះទៅរកការបង្កើនប្រាក់ចំណូលរបស់ពួកគេ។
រដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាយកដ្ឋានសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី លោក មូស្តាប៉ា ម៉ូហាម៉េដ បាននិយាយថា ទំនុកចិត្តនេះ គឺផ្អែកទៅលើភាពស្មោះត្រង់របស់រដ្ឋាភិបាលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយភាគីផ្សេងៗ រួមទាំងបណ្តាសាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការជួយក្រុមនេះឱ្យរួចផុតពីបន្ទាត់នៃភាពក្រីក្រ។
លោកបាននិយាយថា ដំណាក់កាលទីមួយនៃគម្រោងសាកល្បងនៅក្នុងមូលដ្ឋានចំនួន៨០ ឆ្ពោះទៅរកការជួយដល់ក្រុមគោលដៅត្រូវបានបញ្ចប់នៅក្នុងឆ្នាំនេះ ខណៈដែលដំណាក់កាលទីពីរដែលពាក់ព័ន្ធនឹងមូលដ្ឋានចំនួន១១០ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែតុលាឆ្នាំនេះ ដែលកំណត់គោលដៅប្រមាណ ៥ ០០០គ្រួសារ។
គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ប្រទេសម៉ាឡេស៊ីមានប្រជាជនក្រីក្រចំនួន ១៣០ ៧០៩នាក់។
លោកបានបង្ហាញការជឿជាក់ថា ចំនួននេះនឹងមានការធ្លាក់ចុះ ដោយលោកសង្ឃឹមថាភាគីផ្សេងៗដូចជារដ្ឋាភិបាល និងនាយកដ្ឋាននានា នឹងសហការគ្នាដើម្បីសម្រេចបាននូវគោលដៅនេះ។
លោក មូស្តាប៉ា បាននិយាយថា នាយកដ្ឋានរបស់លោកនឹងតាមដានឱ្យបានយ៉ាងដិតដល់នូវការអនុវត្តគម្រោងសាកល្បងដើម្បីឱ្យប្រាក់ចំណូលរបស់ក្រុមគោលដៅអាចត្រូវបានកើនឡើង ដើម្បីយកពួកគេចេញពីភាពក្រីក្រ៕
ប្រភព៖ ក្រសួងព័ត៌មាន