បរទេស៖ មន្រ្តីប៉ូលិសបានធ្វើសមយុទ្ធមួយឆ្លើយតបនឹងវិបត្តិ និងឧបទ្ទវហេតុសម្រាប់ក្រុមមន្ត្រី និងសមាជិកប្រតិបត្តិការពិសេសក្នុងទីក្រុងបាងកក។ សមយុទ្ធនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃការរៀបចំសម្រាប់កម្មវិធីសប្តាហ៍មេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងខែវិច្ឆិកាខាងមុខ។
សមយុទ្ធដែលធ្វើឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការបាញ់ប្រហារ និងការចាប់ចំណាប់ខ្មាំងនៅក្នុងហាងទំនិញមួយ។ មន្រ្តីប៉ូលីសមានឱកាសបង្ហាញពីជំនាញរបស់ពួកគេជាអ្នកឆ្លើយតបដំបូង ដោយមានមន្ត្រីប្រតិបត្តិការពិសេសដោយត្រូវបានដាក់ពង្រាយយុទ្ធសាស្ត្រជួយសង្គ្រោះចំណាប់ខ្មាំង។ សមយុទ្ធនេះធ្វើឡើងនៅមជ្ឈមណ្ឌលផ្សារទំនើប The Crystal Ekkamai-Ram Inthra ក្នុងទីក្រុងបាងកក។
មេបញ្ជាការមន្រ្តីប៉ូលិស និងអ្នកសង្កេតការណ៍ជាច្រើននាក់មានវត្តមានក្នុងពេលធ្វើសមយុទ្ធនោះ។ ក្នុងនោះមានអ្នកសង្កេតការណ៍មកពីស្ថានទូតសហរដ្ឋអាមេរិក និងបារាំង ព្រមទាំងមជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងភេរវកម្មរបស់ប្រទេសថៃ។ អ្នកទិញឥវ៉ាន់ក្នុងស្រុកនៅក្នុងផ្សារទំនើបនោះក៏បានឃើញការធ្វើសមយុទ្ធនេះដែរ។
ស្នងការប៉ូលិសថៃ លោក ស៊ូវ៉ាត់ ចាំងយ៉ូដស៊ុក បាននិយាយថា លទ្ធផលនៃសមយុទ្ធនេះ គឺមានការពេញចិត្តជារួម។ ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ការកែលម្អគឺត្រូវការជាចាំបាច់នៅក្នុងផ្នែកមួយចំនួន។ សមយុទ្ធនេះបានអនុញ្ញាតឱ្យអ្នកចូលរួមពិនិត្យឡើងវិញនូវជំនាញ និងការអនុវត្តរបស់ពួកគេដោយប្រើឧបករណ៍ជាច្រើនប្រភេទ ប៉ុន្តែលោក ស៊ូវ៉ាត់ បាននិយាយថា យុទ្ធសាស្ត្រត្រូវតែត្រូវបានកែសម្រួលដោយគិតពីកាលៈទេសៈ និងសេណារីយ៉ូដែលមិនធ្លាប់មានពីមុនមក។
មេប៉ូលីសរូបនោះមានទំនុកចិត្តទៅលើសមត្ថភាពរបស់កងកម្លាំងសន្តិសុខថៃក្នុងការធានាសុវត្ថិភាពក្នុងអំឡុងពេលនៃកម្មវិធីសប្តាហ៍មេដឹកនាំសេដ្ឋកិច្ចរបស់ APEC (AELW) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែវិច្ឆិកា ឆ្នាំ២០២២៕
ប្រភព៖ ក្រសួងព័ត៌មាន