បរទេស៖ ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍសហរដ្ឋអាមេរិក (USDA) បានផ្តល់ជំនួយបច្ចេកទេសដល់ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ ដើម្បីជំរុញការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសំខាន់ៗ (ICT) សម្រាប់ខេត្តភូកេត។
នាយក USTDA លោក Enoh T. Ebong បាននិយាយថា «ប្រទេសថៃមានរបៀបវារៈក្នុងការរចនាទីក្រុងឆ្លាតវៃ ហើយ USTDA មានមោទនភាពក្នុងការចាប់ដៃគូជាមួយ DEPA និងរដ្ឋបាលខេត្តភូកេត ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ លោកបានបន្ថែមថា «តាមរយៈការជួយខេត្តភូកេតក្នុងការដាក់ចេញនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងទំនើបទាំងនេះ យើងនឹងផ្តល់ឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាជនថៃ និងភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ដែលមកទស្សនាជារៀងរាល់ឆ្នាំ។ ការងាររបស់យើងក៏នឹងជួយបង្កើតឱកាសសម្រាប់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ប្រភេទបច្ចេកវិទ្យា និងសេវាកម្មដែលបំពេញតម្រូវការជាក់លាក់របស់ខេត្តភូកេតក៏បាន»។
យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃបានឱ្យដឹងថា ជំនួយរបស់ USTDA នឹងជួយបង្កើតតម្រូវការបច្ចេកទេស និងយុទ្ធសាស្ត្រលម្អិតសម្រាប់ការបង្កើតវេទិកាទិន្នន័យទីក្រុងឆ្លាតវៃភូកេត ដែលជាឧបករណ៍ប្រើប្រាស់ការច្នៃប្រឌិតទិន្នន័យ និងបច្ចេកវិទ្យា ដើម្បីកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុង និងសេវាកម្មប្រជាពលរដ្ឋ។ ជំនួយនេះនឹងជួយសម្រួលដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមជ្ឈមណ្ឌលប្រតិបត្តិការរួម និងហេដ្ឋារចនាសម្ព័ន្ធ ICT ស្នូលរបស់ខេត្តភូកេត រួមទាំងការគ្រប់គ្រងចរាចរណ៍ និងប្រព័ន្ធទំនាក់ទំនងសង្គ្រោះបន្ទាន់ បណ្តាញខ្សែកាបអុបទិក ម៉ាស៊ីនមេទិន្នន័យ សន្តិសុខសាយប័រ និងការអភិវឌ្ឍបណ្តាញ 5G ។
លោកស្រី Gwendolyn J. Cardno, Charg ភារធារីនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាងកក បាននិយាយថា «គម្រោងនេះ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយអំពីរបៀបដែលភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងថៃអាចជំរុញសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក និងផ្តល់អត្ថប្រយោជន៍ផ្ទាល់សម្រាប់ប្រជាជនថៃ ខណៈដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការបង្កើតទីក្រុងបៃតង និងឆ្លាតវៃជាងមុន និងវិស័យទេសចរណ៍ដែលមានតម្លៃខ្ពស់»។ លោកស្រីក៏បាននិយាយផងដែរថា «ជាមួយសហរដ្ឋអាមេរិកដែលជាដៃគូ ប្រទេសថៃអាចទទួលបានអត្ថប្រយោជន៍ពីការច្នៃប្រឌិតរបស់សហរដ្ឋអាមេរិកជាច្រើនទសវត្សរ៍កន្លងមក និងមានការារីកចម្រើនក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថលនេះ»៕
ប្រភព៖ ក្រសួងព័ត៌មាន