ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ថៃ មើលឃើញការវិនិយោគនៅក្នុងប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងឥណ្ឌា

0

បរទេស៖ ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃ កំពុងសម្លឹងមើលពីការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងឥណ្ឌា ក្នុងវិស័យចម្រាញ់ប្រេង ប្រេងរំអិល និងផលិតផលគីមីឥន្ធនៈដែលមានគុណតម្លៃខ្ពស់។ ក្រុមហ៊ុន TOP បានរំពឹងថានឹងមានអនាគតភ្លឺស្វាងពីការពង្រីកអាជីវកម្មទៅកាន់ប្រទេសទាំងនោះ។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ក្រុមហ៊ុនថៃនោះមានគ្រឿងបរិក្ខារដូចជាឃ្លាំងនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម។

លោក វីរ៉ាត់ អូណារូមីត ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន TOP បាននិយាយថា អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងចំនួនមនុស្សវ័យក្មេងដ៏ច្រើនក្នុងចំណោមប្រជាជននៃប្រទេសទាំងបីនោះ មានន័យថាប្រទេសទាំងនោះផ្តល់នូវសក្តានុពលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងតំបន់អាស៊ី។

ក្រុមហ៊ុន TOP កំពុងពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ដើម្បីបំពេញតម្រូវការដែលកំពុងមានការកើនឡើងសម្រាប់ផលិតផលថាមពល និងគីមីឥន្ធនៈ៕

ប្រភព​៖ ក្រសួងព័ត៌មាន