បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធក្នុងកិច្ចប្រជុំពេញអង្គមួយនៃវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ថា ប្រទេសរុស្ស៊ីកំពុងដោះស្រាយចំពោះការឈ្លានពានខាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់លោកខាងលិច។
លោកប្រធានាធិបតីរូបនោះបាននិយាយថា «ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការឈ្លានពានផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពីខាងបស្ចិមប្រទេស។ ខ្ញុំកំពុងនិយាយអំពីការឈ្លានពាន ដោយមិនមានពាក្យអ្វីផ្សេងទៀតសម្រាប់វាទេ»។
លោក ពូទីន បាននិយាយថា «រូបិយប័ណ្ណ និងទីផ្សារហិរញ្ញវត្ថុរបស់រុស្ស៊ីមានស្ថិរភាព អតិផរណាកំពុងធ្លាក់ចុះ ហើយអត្រាគ្មានការងារធ្វើក៏មានកម្រិតទាបជាប្រវត្តិសាស្ត្រដែរ»។
យោងទៅតាមរូបលោកបានឱ្យដឹងថា «ការប៉ាន់ប្រមាណ និងការព្យាករនៃសក្ដានុពលសេដ្ឋកិច្ច រួមទាំងសហគ្រិនផងនោះ គឺមានសុទិដ្ឋិនិយមច្រើនជាងអ្វីដែលពួកគេគិតកាលពីដើមនិទាឃរដូវ»៕
ប្រភព៖ ក្រសួងព័ត៌មាន