ស្វែងយល់អំពីការចិញ្ចឹមបង្កងនាគ

0

ភ្នំពេញ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនាគមួយកន្លែងក្នុងស្រុកកំចាយមា ខេត្តព្រៃវែង បានចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមឱ្យទទួលបានទិន្នផលល្អ ខណៈពូជបង្កងនាគនៅពេលបច្ចុប្បន្ន កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃល្អ។ . លោកចន បូរ៉ា ម្ចាស់កសិដ្ឋានចិញ្ឋឹមបង្កងនាគស្រុកកំចាយមា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យកមុខរបរវារីវប្បកម្មផ្នែកខាងចិញ្ចឹមបង្កងនាគនេះ អស់រយៈពេលជិត៤ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបំពេញតម្រូវការទីផ្សារបង្កងនាគនាពេលបច្ចុប្បន្ន។

លោកបានបន្តថា ពូជបង្កងដែលលោកចិញ្ចឹម គឺលោកបានទិញពូជ នៅក្នុងស្រុកយកមកបង្កាត់ ដោយខ្លួនឯងផ្ទាល់ ហើយសម្រាប់ជំនាញក៏ដូចជាបច្ចេកទេសក្នុងការចិញ្ចឹមបង្កងនេះ គឺលោកបាន សិក្សារៀនសូត្រ និងស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិត ជាពិសេសបានពិភាក្សាជាមួយអ្នកជំនាញ ដែលជាអ្នកមានបទពិសោធន៍ និងជោគជ័យក្នុងការចិញ្ចឹមពូជបង្កងនាគ។ លោកបានបន្ថែមថា សម្រាប់ការចិញ្ចឹមបង្កងនាគនេះដែរ វាមិនសូវជាមានផលលំបាកអ្វីច្រើនទេ ជាពិសេស វាងាយស្រួលក្នុងការរកចំណី ដោយសារតែបង្កងនាគនេះគឺវាស៊ី ពោតស្ងោរ ល្ពៅស្ងោរ សណ្ដែកស្ងោរ សណ្ដែកបណ្ដុះ និងប្រភេទសាច់អ្វីក៏វាស៊ីបានដែរ ។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់សាកល្បងចិញ្ចឹមបង្កងនាគគួរតែសិក្សាពីបច្ចេកទេសជាមុនសិន ទើបមិនខាតបង់ថវិកា។ក្នុងនោះដែរ លោក ចន បូរ៉ា បានចែករំលែកបទពិសោធន៍ខ្លះៗទៅដល់កសិករជាដំបូង យើងត្រូវរើសប្រភេទ ពូជបង្កងដែលយើងចង់ចិញ្ចឹម អាចសាកល្បងចិញ្ចឹមក្នុងតង់ ឬអាងទឹកថ្ម ឱ្យស៊ីពោត សណ្ដែក ល្ពៅ ដែលស្ងោរហើយ ជាចំណីអាហារ សម្រាប់ការប្ដូរទឹកបើសិនជាយើងមើលឃើញថា ទឹកនោះល្អក់ខ្លាំង ឬ មានក្លិនស្អុយ ចាំយើងលាងសម្អាតដូរទឹកចេញ ហើយ ក្រោយពីការចិញ្ចឹមរយៈពេល៣ទៅ៤ខែ ទើបយើង អាចប្រមូលផលបង្កងសាច់បាន ដែលមានទម្ងន់ប្រមាណជា១០ទៅ១៥ក្បាលក្នុងមួយគីឡូក្រាម។ (សម្រាប់ការចិញ្ចឹមបង្កងមួយយើង ផ្ដោតសំខាន់ទៅលើទឹក កាលណាដែលយើងរៀបចំទឹក ត្រូវយើងក៏ងាយស្រួលក្នុងការចិញ្ចឹមដែរ ហើយសម្រាប់បង្កងនេះទៀតសោតវាមិនរើសទឹកទេ ទឹកអីក៏ចិញ្ចឹម បានដែរទឹកអណ្ដូង ទឹករដ្ឋ ទឹកស្រះក៏ ចិញ្ចឹមបានដែរ អាស្រ័យលើការដែលយើងយកមកច្នៃប្រើប្រាស់ របស់ យើងជាក់ស្ដែង ហើយចំពោះការដែលយើងចាប់ផ្ដើមពីដើមទុនតិច គឺយើងអាចចិញ្ចឹមលក្ខណៈអាងតង់ បែបសិប្បនិម្មិត យើងអាចរៀបចំអាងពីរម៉ែត្រគុណពីរម៉ែត្រ ហើយកម្ពស់យើងធ្វើមិនបាច់ខ្ពស់ពេកទេ តែកន្លះម៉ែត្រទៅក៏យើងចិញ្ចឹមបានដែរ សម្រាប់ការ ផ្ដល់ចំណីឱ្យវាហ្នឹង យើងអាចដាក់ឱ្យវា តែពេលល្ងាច ក៏បានដែរ សម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមតែមិនសូវមានពេល គាត់ដាក់តែពេលល្ងាចទៅ ទាល់តែពេលល្ងាចទើបវាចេញមកស៊ី តែបើមានពេលគ្រប់គ្រាន់គាត់អាចដាក់ពេលព្រឹកនិងពេលល្ងាច គ្រាន់តែថាពេលព្រឹក វាចេញស៊ីចំណីតែ៣០ភាគរយទេ បានន័យថាវាស៊ីតិចជាងពេលល្ងាច)។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមបង្កងនាគរបស់លោកចន បូរ៉ា បានបង្កើតឡើងនៅឆ្នាំ២០១៩ ដែលមាន ទីតាំង ស្ថិតនៅ ស្រុកកំចាយមា ខេត្តព្រៃវែង និងសព្វថ្ងៃមានចិញ្ចឹមពូជបង្កងនាគ ពូជបង្កងអូស្រា្តលី ដែលមានចំនួនសរុប៖ ៤០អាងជ័រ ២៥អាងតង់ ៦អាងស៊ីម៉ង់ត៍ និងស្រះចំនួន២៕

ប្រភព៖ ក្រសួងព័ត៌មាន